សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាន រាយការណ៍កាលពីថ្ងៃអង្គារថា មេដឹកនាំកំពូលនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ដែលគេស្គាល់ថា ប្រទេស (កូរ៉េខាងជើង) បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែង បន្ថែមទៀតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងការពង្រឹងវិស័យការពារជាតិ នៅក្នុងឱកាសគម្រប់ខួបលើកទី៧៦ឆ្នាំ នៃការបង្កើតប្រទេសកូរ៉េខាងជើង ។
លោក គីម ជុងអ៊ុន អគ្គលេខាបក្សពលករកូរ៉េ ហៅកាត់ថា (WPK) និងជាប្រធានកិច្ចការរដ្ឋនៃកូរ៉េខាងជើង បានធ្វើការកត់សម្គាល់យ៉ាងដូច្នេះ នៅក្នុងអំឡុងពេលថ្លែងសុន្ទរកថា ទិវាជាតិកាលពីថ្ងៃចន្ទនៅឯអគារទីស្នាក់ការកណ្តាល នៃគណៈកម្មាធិការកណ្តាលបក្ស WPK ក្នុងទីក្រុងព្យុងយ៉ាង ។
ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ ហៅថា (KCNA) បានរាយការណ៍មកថា លោកបានគូសបញ្ជាក់ពីផែនការ ការងាររដ្ឋយ៉ាងលម្អិត ដោយផ្អែកលើការពិនិត្យឡើងវិញ នៃការអភិវឌ្ឍន៍របស់ប្រទេស រហូតមកដល់ពេលនេះនៅក្នុងឆ្នាំនេះ ។
មេដឹកនាំកំពូលរបស់កូរ៉េខាងជើងបានថ្លែងថា កំណើនសេដ្ឋកិច្ចមាននិន្នាការ កើនឡើងនៅក្នុងឆ្នាំនេះ ដោយសារវិស័យសេដ្ឋកិច្ចជាតិសម្រេចបាន គោលដៅផលិតកម្មរបស់ពួកគេ “ដោយមិនបរាជ័យ” នោះទេ ។
ទីភ្នាក់ងារ KCNA បានឲ្យដឹងថា ឧស្សាហកម្មធុនស្រាលរបស់ប្រទេស និងការគ្រប់គ្រងទីក្រុងក៏ត្រៀមខ្លួនសម្រាប់ការធ្វើឱ្យប្រសើរឡើងបន្ថែមទៀតផងដែរ ។
យោងតាមរបាយការណ៍ នៅក្នុងអំឡុងពេលសុន្ទរកថារបស់គាត់ លោក គីម ក៏បានរាយឈ្មោះបញ្ជីអត្រាផលិតកម្មកសិកម្ម ដែលអំណោយផល ហើយបានរំពឹងថា “ការប្រមូលផលល្អ” សម្រាប់ខែដែលនៅសល់នៃឆ្នាំនេះ ។ លោកបានថ្លែងទៀតថា កម្លាំងយោធារបស់កូរ៉េខាងជើង គឺដោយសារតែការស្រាវជ្រាវ ផ្នែកការពារជាតិដ៏សំខាន់ និងសមិទ្ធិផលផលិតកម្ម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា