អាមេរិក៖ អ្នកស្រាវជ្រាវបាននិយាយថា អ្នកដែលដេកតិចជាង ៦ម៉ោងនៅពេលយប់ ប្រឈមមុខខ្ពស់ នឹងការកើនឡើងជាតិស្ករក្នុងឈាមដែលជា មូលហេតុនាំឲ្យកើតរោគទឹកនោមផ្អែម។
ពួកគេក៏បានរកឃើញដែលថា អ្នកដែលមិនបានដេកគ្រប់គ្រាន់ នៅក្នុងអំឡុងពេលធ្វើការមានអត្រាខ្ពស់ ជាងអ្នកធម្មតារហូតដល់៥ដង ក្នុងការកើតមានភាពមិនប្រក្រតីដែលនាំ ឲ្យកើតជម្ងឺទឹកនោមផ្អែមប្រភេទពីរបាន។
ប្រមាណមួយភាគបីនៃមនុស្សពេញវ័យ នៅក្នុងចក្រភពអង់គ្លេស តែងតែដេកពេលយប់បាន ត្រឹម ៥ម៉ោង ឬតិចជាងនេះ ហើយជាមធ្យមគឺ ៧ម៉ោង ដែលអ្នកស្រាវជ្រាវបានផ្តល់ជាយោបល់ថា ជាចំនួនម៉ោងដេកល្អបំផុតចំពោះសុខភាព។
អ្នកស្រាវជ្រាវយល់ថា ការផ្លាស់ប្តូរអរម៉ូនដោយសារការដេកតិចពេក ឬច្រើនពេក ទំនងជា មានឥទ្ធិពលមេតាប៉ូលីហ្សឹម និងគ្រប់គ្រងការឃ្លាន។
ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា អ្នកដែលដេកតិចជាង ៦ម៉ោងក្នុងមួយយប់ៗ ចាប់ពីថ្ងៃសៅរ៍ ដល់ថ្ងៃព្រហស្បហ៍ក្នុងរយៈពេល៦ឆ្នាំមានអត្រាខ្ពស់ជាងរហូតដល់ ៤,៥៦ដង បើប្រៀបធៀបជាមួយអ្នកដែលដេកបានពី ៦ ទៅ ៨ ម៉ោង ក្នុងការកើតមានភាពមិនប្រក្រតីដែលនាំឲ្យ កើតមានជម្ងឺទឹកនោមផ្អែមប្រភេទពីរ។
ភាពមិនប្រក្រតីនេះជាធម្មតាត្រូវគេបានគេហៅថា រោគសញ្ញាមុនកើតទឹកនោមផ្អែម ហើយវាកើតឡើងដោយសាររាងកាយ មិនអាចបង្កើតជាតិអ៊ីសូលីនឲ្យបានគ្រប់គ្រាន់ ធ្វើឲ្យកម្រិតជាតិស្ករនៅក្នុងឈាមមានការកើនឡើង ខ្ពស់ខុសប្រក្រតីនៅពេលព្រឹក។
ការរកឃើញនៃការសិក្សានេះមិនអាចពន្យល់ ពីការកើតឡើងនេះជាមួយហ្សែនទេ ប៉ុន្តែវាមានការពាក់ព័ន្ធសំខាន់បំផុត ជាមួយនឹងការដេកមិនគ្រប់គ្រាន់។
អ្នកស្រាវជ្រាវម្នាក់ឈ្មោះ លីហ្សា រ៉ាហ្វាលសុន នៃសាកលវិទ្យាល័យបាហ្វហ្វាឡូ ក្នុងទីក្រុងញ៉ូយ៉ក ដែលជាអ្នកដឹកនាំការសិក្សានេះ បាននិយាយថា បើទោះជាការសិក្សាមុនៗ អះអាងថា ប្រហែលជាមានហ្សែនខ្លះមានឥទ្ធិផលតិចតួច ធ្វើឲ្យកើនគ្រោះថ្នាក់នៃការ កើតរោគទឹកនោមផ្អែមក៏ដោយ ក៏នៅក្នុងការសិក្សារបស់យើងនេះ មិនបានរកឃើញថាមានពាក់ព័ន្ធ នឹងហ្សែនឡើយ តែវាមានទំនាក់ទំនងសំខាន់ ជាមួយនឹងការដេកមិនគ្រប់គ្រាន់។
ទោះបីដូច្នេះក្តី លោកវេជ្ជបណ្ឌិត ឡេន ហ្វ្រេម ធ្វើការនៅអង្គការទឹកនោមផ្អែម ចក្រភពអង់គ្លេសបាននិយាយ នៅពេលគេពិភាក្សាអំពីកត្តាចម្បងៗ ដែលនាំឲ្យកើតរោគទឹកនោមផ្អែមប្រភេទពីរ នោះបញ្ហាជាមួយនឹងរយៈពេលដេក មិនទាន់សំខាន់ជាងកត្តាគ្រោះថ្នាក់ដទៃ ទៀតដូចជា ធាត់លើសទំងន់ ក្នុងពេលមានអាយុលើសពី ៤០ឆ្នាំ និងប្រវត្តិគ្រួសារដែលមានអ្នក ដែលកើតរោគទឹកនោមផ្អែមនោះទេ។