វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថាលោកប្រធានាធិបតី ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលជាមួយសមភាគីរបស់លោកមកពីប្រទេសជប៉ុន អូស្ត្រាលី និងឥណ្ឌា នៅក្នុងក្រុម Quad នៅទីក្រុង Delaware នៅថ្ងៃទី២១ ខែកញ្ញា។
អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំង៤ នឹងពិភាក្សាលើប្រធានបទផ្សេងៗទាក់ទងនឹងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ សន្តិសុខដែនសមុទ្រ ហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់ អាកាសធាតុ និងថាមពលស្អាត រួមទាំងសន្តិសុខតាមអ៊ីនធឺណិត។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក អាន់តូនី អាល់បានី និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា មូឌី នឹងចូលរួមនៅក្នុងកិច្ចពិភាក្សានៅទីក្រុង Wilmington ដែលលោក បៃដិន មានលំនៅឋានឯកជននៅក្នុងទីក្រុងនោះ។
លោកបានលើកឡើងថា “កិច្ចប្រជុំកំពូលនាពេលខាងមុខ នឹងផ្តោតលើការពង្រឹងការរួបរួមគ្នាជាយុទ្ធសាស្ត្រក្នុងចំណោមប្រទេសរបស់យើង ជំរុញចក្ខុវិស័យរួមរបស់យើង អំពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ”។
ប្រភពការទូតបានឲ្យដឹងនៅមុននេះបន្តិចថា ប្រទេសទាំងបួនបានរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់មេដឹកនាំក្រុម Quad ចាប់តាំងពីឆ្នាំ២០២១។ ប្រទេសឥណ្ឌាត្រូវបានគេគ្រោងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ ប៉ុន្តែទីកន្លែងត្រូវបានប្តូរទៅសហរដ្ឋអាមេរិក ដោយសារតែការបោះឆ្នោតប្រធានាធិបតីរបស់ខ្លួននឹងមកដល់នៅថ្ងៃទី០៥ ខែវិច្ឆិកា៕
ប្រែសម្រួល ឈូក បូរ៉ា