ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានសម្តែងឆន្ទៈក្នុងការធ្វើការរួមគ្នាជាមួយប្រទេសចិនដើម្បីជំរុញពហុភាគី និងកសាងសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើយុត្តិធម៌និងច្បាប់អន្តរជាតិ។
លោក ពូទីន បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងកិច្ចពិភាក្សាជាមួយលោក វ៉ាង យី សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានការិយាល័យគណៈកម្មាធិការកណ្តាលសម្រាប់កិច្ចការបរទេសនៅទីក្រុង St. Petersburg។
លោក ពូទីន បានថ្លែងប្រាប់លោក វ៉ាង យី ដោយបង្ហាញការស្វាគមន៍ដ៏ស្មោះស្ម័គ្ររបស់លោក និងជូនពរលោកប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដោយរំពឹងថា នឹងមានការចូលរួមរបស់ប្រទេសចិននៅក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំ BRICS នៅទីក្រុងកាហ្សាន នៅខែក្រោយ។
លោកបន្ដថា រុស្ស៊ី និងចិន ដែលធ្វើសកម្មភាពលើគោលការណ៍សមភាព និងផលប្រយោជន៍ទៅវិញទៅមក បាននិងកំពុងធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយនៃការសម្របសម្រួលសម្រាប់យុគសម័យថ្មី។ អន្តរកម្មគ្រប់កម្រិតរក្សាបាននូវសន្ទុះដ៏រឹងមាំ ហើយកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗកំពុងដំណើរការយ៉ាងរលូន។
លោកបន្ថែមថា ប្រទេសរុស្ស៊ី មានឆន្ទៈយកខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំនេះ ជាឱកាស ដើម្បីអនុវត្តតាមការឯកភាពដ៏សំខាន់ដែលប្រមុខរដ្ឋសម្រេចបាន ពង្រឹងការតម្រឹមនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងលើកស្ទួយទំនាក់ទំនងរុស្ស៊ី-ចិនទៅកម្រិតថ្មីមួយ៕
ប្រែសម្រួល ឈូក បូរ៉ា