រ៉ងហ្គូន ៖ កាសែតរដ្ឋ Global New Light of Myanmar បានរាយការណ៍ឲ្យដឹង នៅថ្ងៃអាទិត្យនេះថា គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ កើតឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបណ្តាលឱ្យមនុស្សស្លាប់ ចំនួន៧៤នាក់និងមនុស្សចំនួន៨៩នាក់ បានបាត់ខ្លួនគិតត្រឹម ល្ងាចថ្ងៃទី១៣ ខែកញ្ញានេះ ។
នៅក្នុងរបាយការណ៍បានឲ្យដឹងថា គ្រោះទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង បានប៉ះពាល់ដល់ភូមិ និងសង្កាត់ចំនួន៤៦២ ក្នុងក្រុងចំនួន៦៤ក្នុងតំបន់ Nay Pyi Taw, Bago, Mandalay និង Ayeyawady ក៏ដូចជារដ្ឋ Mon, Kayin និងរដ្ឋ Shan ។
គ្រោះមហន្តរាយនេះបានបំផ្លាញស្ពានចំនួន២៤កន្លែង សាលារៀនចំនួន៣៧៥កន្លែង វត្តអារាមចំនួន៥ ទំនប់ចំនួន៤ វត្តចំនួន៤ ម៉ាស៊ីនបំប្លែងចំនួន១៤គ្រឿង បង្គោលភ្លើងចំនួន៤៥៦ដើម និងផ្ទះចំនួន ៦៥.៧៥៩ខ្នងនៅក្នុងតំបន់ដែលរងគ្រោះដោយគ្រោះទឹកជំនន់ ។
របាយការណ៍ខាងលើនេះបានឲ្យដឹងថា ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយ ជំរុំសង្គ្រោះបណ្តោះអាសន្នត្រូវបានបង្កើតឡើង ដើម្បីផ្តល់សេវាថែទាំសុខភាពជាចាំបាច់ អាហារ និងទឹកផឹកនៅក្នុងទីក្រុង Nay Pyi Taw និងរដ្ឋ និងតំបន់ផ្សេងៗ ។
គួរបញ្ជាក់ថា អាជ្ញាធរ និងបុគ្គលិកជួយសង្គ្រោះកំពុងបន្តប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា