ម៉ិកស៊ីកូ ស៊ីធី ៖ អាជ្ញាធរនៅក្នុងតំបន់បានអះអាងកាលពីថ្ងៃសៅរ៍ថា ទារកអាយុ៣ខែម្នាក់បានស្លាប់ និងមនុស្សចំនួន១២នាក់បានបាត់ខ្លួន ក្រោយពីមានគ្រោះបាក់ដី កើតឡើងនៅទីក្រុង San Luis Ayucan នៅរដ្ឋភាគកណ្តាលនៃប្រទេសម៉ិកស៊ិក ។
លោក Adrian Hernandez Romero ប្រធានផ្នែកការពារជនស៊ីវិលនៃប្រទេសម៉ិកស៊ិក បានលើកឡើងថា គ្រោះបាក់ដីបានកើតឡើងកាលពីយប់ថ្ងៃសុក្រ ក្រោយពីមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងនៅតំបន់នោះ ។
លោក Romero បានលើកឡើងទៀតថា យ៉ាងហោចណាស់ផ្ទះ និងអាជីវកម្មចំនួន១០កន្លែងត្រូវបានខូចខាតដោយការដួលរលំ ។
អាជ្ញាធរបានបង្កើតជម្រកសង្គ្រោះបន្ទាន់មួយនៅឯព្រះវិហារ ដែលនៅក្បែរនោះ ហើយបានចាប់ផ្តើមជម្លៀស អ្នកស្រុកនៅក្នុងតំបន់ជុំវិញ ដោយសារតែការភ័យខ្លាចពីគ្រោះបាក់ដី កើតឡើងបន្ថែមទៀត ។
កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះកំពុងបន្តជាមួយ នឹងបុគ្គលិកមកពីកងទ័ពជើងទឹក កងទ័ព ឆ្មាំជាតិ ប៉ូលិសនៅក្នុងតំបន់ និងសត្វសុនខស្វែងរកឯកទេស ដែលកំពុងស្វែងរកនៅតំបន់ នោះសម្រាប់អ្នកបានបាត់ខ្លួន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា