បរទេស៖ ទឹកជំនន់កំពុងប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងប្រទេសចំនួន ៣០.០៧៣ គ្រួសារនៅក្នុងខេត្តចំនួន ១២ ដែលភាគច្រើននៅភាគខាងជើងប្រទេស ហើយកំពុងកើនឡើងនៅក្នុងខេត្តមួយចំនួន ជាពិសេសនៅភាគឦសាន គិតមកដល់ថ្ងៃអាទិត្យនេះ ខណៈដែលអ្នកព្យាករណ៍អាកាសធាតុរំពឹងថានឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតក្នុងសប្តាហ៍នេះ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Chaiwat Chuntirapong អគ្គនាយកនៃនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរបស់ថៃ បាននិយាយនៅថ្ងៃអាទិត្យថា ទឹកជំនន់នៅតែបន្តកើតមាននៅក្នុងខេត្តចំនួន ១២។
លោក Chaiwat បាននិយាយថា ចាប់ពីថ្ងៃទី១៦ ខែសីហា ដល់ថ្ងៃទី១៥ ខែកញ្ញា ទឹកជំនន់បានសម្លាប់មនុស្សចំនួន ៤៣នាក់របួស ២៤នាក់ និងប៉ះពាល់ដល់គ្រួសារចំនួន ១៣៣.០៤០ នៅក្នុងខេត្តចំនួន ២៨ ដែលពាក់កណ្តាលនៃចំនួននេះគឺនៅភាគខាងជើង។
នាយកដ្ឋានឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃអង្គារ ភ្លៀងធ្លាក់ខ្លាំង ត្រូវបានព្យាករណ៍នៅភាគឦសាន បូព៌ា និងនៅឆ្នេរសមុទ្រភាគខាងលិចនៃភាគខាងត្បូង។ ចាប់ពីថ្ងៃពុធ ដល់ថ្ងៃសៅរ៍ ភ្លៀងនឹងធ្លាក់នៅភាគខាងជើង និងឦសានផ្នែកខាងលើ ប៉ុន្តែនឹងបន្តនៅតំបន់ភាគឦសាន ទំនាបកណ្តាល ខាងកើត និងខាងត្បូង៕
ប្រែសម្រួលៈ ណៃ តុលា