បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រទេសវេណេស៊ុយអេឡា បានធ្វើការអះអាងថា ទីភ្នាក់ងារសន្តិសុខ របស់ប្រទេសវេណេស៊ុយអេឡាបានរារាំងនិងបំផ្លាញបានជោគជ័យនូវផែនការ ដែលមានការគាំទ្រដោយ CIA ដើម្បីធ្វើឃាតប្រធានាធិបតី Nicolas Maduro និងសកម្មភាពភេរវកម្ម ផ្សេងទៀត។
លោក Diosdado Cabello បាននិយាយថា ជនជាតិអេស្បាញពីរនាក់ ឆេកម្នាក់ និង សញ្ជាតិអាមេរិកបីនាក់ រួមទាំងសមាជិក នៃយោធាអាមេរិក ដែលកំពុងបម្រើការ យ៉ាងសកម្ម ត្រូវបានឃុំខ្លួន ហើយអាវុធជាច្រើន រយដើមដើមត្រូវ បានរឹបអូសទៀតផង។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលមានការប្រកួតប្រជែង កាលពីខែកក្កដាបានឃើញលោក Maduro ជាប់ឆ្នោតជាថ្មីសម្រាប់អាណត្តិទីបី ដោយមានសំឡេង គាំទ្រដល់ទៅ៥២ភាគរយ ដែលទោះយ៉ាងណា គណបក្សប្រឆាំងបានចោទរដ្ឋាភិបាលថាបានបន្លំសន្លឹកឆ្នោត ។
សហរដ្ឋអាមេរិក សហភាពអឺរ៉ុប រដ្ឋអាមេរិកឡាទីនភាគច្រើន និង G7 ចាប់តាំង ពីពេលនោះមក បានបដិសេធមិន ទទួលស្គាល់លោក Maduro ជាប្រមុខរដ្ឋជាប់ឆ្នោតឡើយ ហើយផ្ទុយទៅវិញ ទីក្រុង Caracas បានចោទប្រកាន់ ទីក្រុងវ៉ាស៊ីនតោន ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារ ជាបន្តបន្ទាប់ផងដែរ។
ថ្លែងទៅកាន់ទូរទស្សន៍ Telesur កាលពីថ្ងៃសៅរ៍ លោក Cabello បានអះអាងថា ពលរដ្ឋអាមេរិកម្នាក់ឈ្មោះ Wilbert Castaneda សមាជិក នៃក្រុមកងទ័ពជើងទឹក អាមេរិក Navy SEAL ដែលជាអ្នកគ្រប់គ្រងបេសកកម្ម នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ គឺជាមេដឹកនាំក្រុមមួយ ក្នុងចំណោមក្រុមហើយ គាត់ត្រូវបានចាប់ខ្លួននៅថ្ងៃទី ១ ខែកញ្ញាកន្លងមក៕
ប្រែសម្រួល៖ស៊ុនលី