ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការពារជាតិ អ៊ីស្រាអែលថា ពេលវេលា គឺ’អស់ហើយ’ សម្រាប់ការចរចា ជាមួយក្រុមហេសបូឡា, ពេលនេះមានតែសកម្មភាព យោធាប៉ុណ្ណោះ

RT News

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយថា មានតែសកម្មភាពយោធាបន្ថែមទៀតប្រឆាំងនឹងក្រុម ហេសបូឡា ប៉ុណ្ណោះដែលនឹងធ្វើឱ្យវាមានសុវត្ថិភាព សម្រាប់ប្រជាជនអ៊ីស្រាអែល ដែលបានភៀសខ្លួនត្រឡប់ទៅផ្ទះរបស់ពួកគេវិញ នៅក្នុងតំបន់ជាប់ព្រំដែន ប្រទេសលីបង់ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងអំឡុងពេលជួបជាមួយប្រេសិតអាមេរិក Amos Hochstein នៅទីក្រុង Tel Aviv កាលពីថ្ងៃចន្ទ លោក Gallant បានសង្កត់ធ្ងន់ថា បង្អួចសម្រាប់កិច្ចព្រមព្រៀងការទូត ជាមួយពួកសកម្មប្រយុទ្ធ ដែលមានមូលដ្ឋាន នៅលីបង់បានបិទទ្វារហើយ ។

លោក Gallant បានសរសេរនៅលើ X (អតីត Twitter) ថា “ក្រុមហេសបូឡា នៅតែបន្តចងភ្ជាប់ខ្លួនជាមួយក្រុមហាម៉ាស” ដូច្នេះហើយ មធ្យោបាយតែមួយគត់ ដែលនៅសេសសល់ដើម្បីធានាការវិលត្រឡប់ នៃសហគមន៍ភាគខាងជើងរបស់អ៊ីស្រាអែលទៅកាន់ផ្ទះរបស់ពួកគេ គឺតាមរយៈសកម្មភាពយោធា ។

លោក Gallant បានបញ្ជូនចំណុចដូចគ្នានេះ អំឡុងពេលការសន្ទនា តាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការពារជាតិ អាមេរិក លោក Lloyd Austin ដោយព្រមានថាពេលវេលាគឺ “អស់ហើយ” សម្រាប់កិច្ចព្រមព្រៀងជាមួយក្រុមហេសបូឡា ។

សូមជម្រាបថា ជនជាតិអ៊ីស្រាអែលជាង ៦០.០០០ នាក់ត្រូវបានផ្លាស់ទីលំនៅចាប់តាំងពីក្រុមហេសបូឡាហ៍បានចាប់ផ្តើមបាញ់រ៉ុក្កែត និងគ្រាប់កាំភ្លើងត្បាល់ឆ្លងកាត់ព្រំដែន ដើម្បីគាំទ្រក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឆ្លើយតបដោយការវាយលុក គោលដៅនៅក្នុងប្រទេសលីបង់ និងបានសម្លាប់ប្រតិបត្តិករជាន់ខ្ពស់ ហេសបូឡា ជាច្រើននាក់ រួមទាំងលោក Fuad Shukr ដែលត្រូវបានសម្លាប់នៅ ក្នុងការវាយប្រហារតាមអាកាសនៅទីក្រុង Beirut កាលពីចុងខែកក្កដា៕
ប្រែសម្រួលៈ ណៃ តុលា

To Top