ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារឧតុនិយមជប៉ុន ប្រកាសថា ព្យុះត្រូពិច Pulasan នឹងបោកបក់មកលើខេត្តអូគីណាវ៉ា

តូក្យូ៖ ទីភ្នាក់ងារអាកាសធាតុ របស់ប្រទេសជប៉ុន បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ព្យុះត្រូពិចដ៏ខ្លាំងក្លាមួយ ដែលកំពុងមានកម្លាំងខ្លាំងអាចនឹង បោកបក់មកលើខេត្ត អូគីណាវ៉ា និងតំបន់ Amami នៃខេត្ត Kagoshima ដែលស្ថិតនៅភាគនិរតីនៃប្រទេសជប៉ុន នៅថ្ងៃពុធ ។

ទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ថា (JMA) បានឲ្យដឹងថា គិតត្រឹមម៉ោង ៦ព្រឹកម៉ោងក្នុងស្រុក ព្យុះត្រូពិច ដែលមានឈ្មោះថា Pulasan បានបោកបក់លើផ្ទៃ ទឹកនៅក្បែរកោះ Mariana ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ហើយកំពុងផ្លាស់ទីទៅភាគពាយព្យ ក្នុងល្បឿន ៣០គីឡូម៉ែត្រក្នុង១ម៉ោង ។

ព្យុះទីហ្វុងអាចនឹងខិតមកជិតខេត្ត Okinawa និងតំបន់ Amami នៃខេត្ត Kagoshima នៅថ្ងៃពុធ ។

ទីភ្នាក់ងារខាងលើបានឲ្យដឹងថា ខ្យល់បក់រហូតដល់៥៤គីឡូម៉ែត្រក្នុង ១ម៉ោងត្រូវបានគេរំពឹងថា នៅក្នុងតំបន់ អូគីណាវ៉ា នៅថ្ងៃអង្គារនេះជាមួយ នឹងខ្យល់ខ្លាំងបំផុត ៩០គីឡូម៉ែត្រក្នុង១ម៉ោង ។

ក្នុងរយៈពេល២៤ម៉ោង រហូតដល់ព្រឹកថ្ងៃពុធ ភ្លៀងធ្លាក់រហូតដល់ ៥០មីលីម៉ែត្រ ត្រូវបានគេរំពឹងទុកនៅក្នុងតំបន់អូគីណាវ៉ា ។

យោងតាមទីភ្នាក់ងារខាងលើនេះ បានឱ្យដឹងថា ទឹកភ្លៀង ក៏អាចកើនឡើងដល់១៥០មីលីម៉ែត្រនៅក្នុងតំបន់ Amami និង១០០មីលីម៉ែត្រនៅក្នុងតំបន់ អូគីណាវ៉ា នៅក្នុងរយៈពេល២៤ម៉ោង រហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top