បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បាតុកររាប់ពាន់នាក់បានដើរតាមផ្លូវ ក្នុងទីក្រុងប្រ៊ូសែលកាលពីថ្ងៃចន្ទដើម្បីគាំទ្រ ដល់កម្មកររថយន្តដែលឈរបាត់បង់ការងារ ប្រសិនបើក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Audi បិទរោងចក្ររបស់ខ្លួនក្នុងរដ្ឋធានីបែលហ្ស៊ិក។
ប្រភពដដែលបានបន្តថាមាន មនុស្សប្រហែល៥,៥០០ នាក់បានប្រមូលផ្តុំគ្នានៅស្ថានីយ៍រថភ្លើង Brussels-North ហើយបានដើរឆ្ពោះទៅកាន់សភាអឺរ៉ុបហើយ ខណៈដែលបុគ្គលិក៣,០០០ នាក់ទៀតរបស់ Audi នៅក្នុងទីក្រុង ដែល ៩០ភាគរយនៃពួកគេត្រូវបានគេរំពឹងថា នឹងត្រូវបញ្ឈប់ពីការងារនៅដើមឆ្នាំក្រោយ។
ការតវ៉ានេះបានកើតឡើង ២ខែបន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ បានប្រកាសថាតម្រូវការសម្រាប់ Q8 e-tron កម្រិតខ្ពស់របស់ខ្លួនដែលប្រមូលផ្តុំនៅទីក្រុងប្រ៊ូសែល បានធ្លាក់ចុះយ៉ាងខ្លាំង ហើយបានព្រមានថា រោងចក្រផលិតក្នុងស្រុកទទួលរងនូវថ្លៃដឹកជញ្ជូន និងផលិតកម្មខ្ពស់។
ទោះបីជាយ៉ាងណាក្តីកាលពីដើមខែកន្លងមក អ្នកនាំពាក្យរបស់ក្រុមហ៊ុន Audi លោក Peter D’Hoore ធ្លាប់បាននិយាយហើយថា រោងចក្រនេះប្រហែលជាមិនចាំបាច់បិទទេ ដោយសាររោងចក្រនេះអាចត្រូវបានប្រើប្រាស់ ដើម្បីធ្វើគ្រឿងបន្លាស់សម្រាប់ រោងចក្រផ្សេងទៀតរបស់ក្រុមហ៊ុន។
គួរឲ្យដឹងដែរថាបុគ្គលិកជាច្រើននៅរោងចក្រ Brussels ត្រូវបានចូលរួមនៅក្នុងការងារភាគជាច្រើន ជាការងារផលិតរថយន្តអេឡិចត្រូនិច ដែលវាត្រូវបានលើកសរសើរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់EU ថាជាវិស័យឈានមុខគេចំពេលមានការ ប្រកួតប្រជែងកើនឡើងជាមួយប្រទេសចិន និងសហរដ្ឋអាមេរិកនោះ៕
ប្រែសម្រួល៖ ស៊ុន លី