បរទេស៖ មេដឹកនាំគណបក្ស Palang Pracharath (PPRP) របស់ថៃ លោកឧត្តមសេនីយ៍ Prawit Wongsuwon កំពុងរៀបចំប្តឹងពិធីករទូរទស្សន៍លោក Danai Ekmahasawat និងអតីតអ្នកនាំពាក្យគណបក្សភឿថៃ លោក Prompong Nopparit ពីបទបញ្ចេញខ្សែអាត់សំឡេង ដែលចោទប្រកាន់មកលើរូបលោក។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា អគ្គលេខាធិការគណបក្សបក្សលោក Paiboon Nititawan បាននិយាយកាលពីថ្ងៃពុធថា ពាក្យបណ្តឹងនឹងត្រូវបានប្តឹងទៅប៉ូលីស Hua Mak ដោយចោទអ្នកទាំងពីរពីបទលួចបន្លំ ឬផ្សព្វផ្សាយខ្លឹមសារដែលទទួលបាន ពីការភ្ជាប់ខ្សែទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។ បទល្មើសនេះអាចជាប់ពន្ធនាគារអតិបរមា ៥ឆ្នាំ និង/ឬ ពិន័យជាប្រាក់រហូតដល់៥០ម៉ឺនបាត។
ខ្សែអាត់សំឡេងនេះត្រូវបានគេនិយាយថា ពាក់ព័ន្ធនឹងការសន្ទនារវាងឧត្តមសេនីយ៍ Prawit និងលោក Suttipong Juljarern លេខាធិការអចិន្ត្រៃយ៍នៃក្រសួងមហាផ្ទៃ។ គេសង្ស័យថា ខ្សែអាត់សំឡេងនេះអាចទទួលបាន តាមរយៈការលួចថតដោយខុសច្បាប់។
វាគឺជាខ្សែអាត់សំឡេងមួយក្នុងចំណោមសំឡេងចំនួន៤ ដែលបានចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា នៅក្នុងទូរទស្សន៍ Inside Thailand ដែលរៀបចំដោយលោក Danai ។ លោក Prompong បានចាក់ខ្សែអាត់សំឡេងនេះឡើងវិញ នៅថ្ងៃបន្ទាប់ ខណៈដែលលោកបានដាក់ញត្តិ ទៅទីភ្នាក់ងារប្រឆាំងអំពើពុករលួយ ដើម្បីស្វែងរកការស៊ើបអង្កេតលើក្រមសីលធម៌ ប្រឆាំងនឹងឧត្តមសេនីយ៍ Prawit ។
លោក Paiboon ក៏បាននិយាយផងដែរថា លោកឧត្តមសេនីយ៍ Prawit នឹងមើលឃើញករណីប្រឆាំងនឹង ពួកគេទាំងពីររហូតដល់ទីបញ្ចប់ ៕
ប្រែសម្រួលៈ ណៃ តុលា