ព័ត៌មានអន្តរជាតិ

ថៃ៖ ការរុះរើក្នុងជួរយោធា នឹងត្រូវធ្វើរួចរាល់នៅក្នុងសប្តាហ៍នេះ ខណៈមានពាក្យចចាមអារ៉ាម ពីការដូរមេទ័ពជើងទឹកចេញ

Bangkok Post

បរទេស៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ថៃ លោក Phumtham Wechayachai បាននិយាយថា បញ្ជីបេក្ខជនសម្រាប់ការរុះរើយោធានៅឆ្នាំនេះ នឹងត្រូវបញ្ចប់ក្នុងសប្តាហ៍នេះ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Phumtham កាលពីថ្ងៃពុធបានឆ្លើយតបទៅនឹង ពាក្យចចាមអារ៉ាមអំពីការរុះរើ ក្នុងជួរយោធាប្រចាំឆ្នាំសម្រាប់មន្រ្តីជាន់ខ្ពស់ ហើយពាក្យចចាមអារ៉ាមថា ការតែងតាំងត្រូវបានយល់ព្រម និងចុះហត្ថលេខារួចហើយ។

ប្រភពមួយបាននិយាយថា ឧត្តមសេនីយ៍ Sanitchanog Sangkachantra លេខាធិការអចិន្ត្រៃយ៍សម្រាប់ការពារជាតិ បានបង្ហាញបញ្ជីបេក្ខជនជាន់ខ្ពស់ ទៅកាន់នាយករដ្ឋមន្ត្រី Paetongtarn Shinawatra កាលពីយប់ថ្ងៃអង្គារ ដែលត្រូវបានពិនិត្យដោយលោក Phumtham ។

កាលពីថ្ងៃច័ន្ទ មេទ័ពជើងទឹកថៃ លោក Adung Phan-iam គាំទ្រលើការសម្រេចចិត្ត របស់លោកក្នុងការតែងតាំងលោក Jirapol Wongwit ទីប្រឹក្សាកងទ័ពជើងទឹកពិសេស ដែលបានបញ្ចប់ការសិក្សាពី Naval Academy Mürwik ក្នុងប្រទេសអាល្លឺម៉ង់ ជាមេទ័ពជើងទឹក ទោះបីជាមានការប្រឆាំង មួយចំនួននៅក្នុងកងទ័ពជើងទឹក និងក្នុងចំណោមសមាជិកក្រុមប្រឹក្សា ការពារជាតិក៏ដោយ។

ប្រសិនបើយល់ព្រម លោក Jirapol Wongwit នឹងក្លាយជាមេទ័ពជើងទឹកដំបូងគេ ក្នុងប្រវត្តិសាស្ត្រដែលមិនបានបញ្ចប់ការសិក្សាពី Royal Thai Naval Academy នៅខេត្ត សាមុតប្រាកាន។ វានឹងបំបែកប្រពៃណីដ៏យូរអង្វែងមួយ និងកំណត់គំរូមួយដែលថា មេទ័ពជើងទឹកនៅពេលអនាគតអាចមកពី សាលាទ័ពជើងទឹកក្នុងស្រុក ឬបរទេស។

វាក៏មានន័យផងដែរថា មេទ័ពនឹងមិនចាំបាច់កាន់ មុខតំណែងសំខាន់ៗពីអតីតកាល ដូចជាធ្វើជាជំនួយការអនុសេនាធិការ កងទ័ពជើងទឹកនៅបរទេស និងបញ្ជាកងឯកភាពទ័ពជើងទឹកជាដើម។ ឆ្លើយតបនឹងពាក្យចចាមអារ៉ាមថា ការរុះរើត្រូវបានបញ្ចប់ លោក Phumtham បាននិយាយថា លោកបានជួបមេដឹកនាំយោធា បន្ទាប់ពីនាយករដ្ឋមន្ត្រីបានបង្ហាញ សេចក្តីថ្លែងការណ៍គោលនយោបាយ របស់រដ្ឋាភិបាលទៅកាន់សភាកាលពីថ្ងៃទី ១២ ខែកញ្ញា ៕

ប្រែសម្រួលៈ ណៃ តុលា

To Top