គែរ ៖ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah al-Sisi និងស្តេចហ្ស៊កដានី ព្រះអង្គម្ចាស់ Abdullah II បានព្រមានពីគ្រោះថ្នាក់នៃសង្គ្រាមអ៊ីស្រាអែល ដែលកំពុងបន្តនៅតំបន់ហ្គាហ្សាស្ទ្រីប និងការរំលោភកាន់តែខ្លាំងឡើង នៅតំបន់វេសបែង ។
ប្រធានាធិបតីអេហ្ស៊ីប បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់ លើការវិវឌ្ឍនាពេលថ្មីៗនេះអាចបង្កើនជម្លោះ ដែលជះឥទ្ធិពលអវិជ្ជមានដល់ប្រជាជនទាំងអស់នៃតំបន់ ក៏ដូចជាសន្តិភាព និងសន្តិសុខអន្តរជាតិ។
មេដឹកនាំទាំងពីរ បានរំលឹកឡើងវិញនូវការបដិសេធ ចំពោះការប៉ុនប៉ងទាំងអស់ ដើម្បីធ្វើឱ្យខូចដល់បុព្វហេតុប៉ាឡេស្ទីន ឬបង្វែរទឹកដីប៉ាឡេស្ទីនទៅជាតំបន់ ដែលមិនអាចរស់នៅបាន ដើម្បីបង្ខំឱ្យមានការផ្លាស់ទីលំនៅ របស់ពលរដ្ឋប៉ាឡេស្ទីន។
មេដឹកនាំទាំងពីរ បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ដើម្បីបញ្ចប់សង្រ្គាមជាបន្ទាន់ និងជួយសង្គ្រោះតំបន់ហ្គាហ្សា ពីមហន្តរាយមនុស្សធម៌ដ៏បំផ្លិចបំផ្លាញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
គួរបញ្ជាក់ថា អ៊ីស្រាអែល បានបើកការវាយលុក ទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកប្រឆាំង នឹងការវាយលុក របស់ក្រុមហាម៉ាស់ ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១,២០០ នាក់ត្រូវបានសម្លាប់ និងប្រហែល ២៥០នាក់ត្រូវបានចាប់ពង្រត់៕
ប្រែសម្រួល ឈូក បូរ៉ា