បរទេស៖ សហភាពអឺរ៉ុប បានព្រងើយកន្តើយ ចំពោះសំណើថ្មី ពីក្រុមហ៊ុនផលិតរថយន្តចិន ដែលមានគោលបំណង ដោះស្រាយជម្លោះ លើរថយន្ត EVs របស់ចិននៅក្នុងទីផ្សារអ៊ឺរ៉ុប ដោយធ្វើឱ្យប៉ះពាល់ ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹង តាមរយៈការសន្ទនា ។
ការសម្រេចចិត្តដាក់ពន្ធ លើរថយន្ត EV ដែលផលិតនៅប្រទេស ចិន បើទោះបីជាមានការផ្តល់ ជូនជាច្រើនពីក្រុមហ៊ុនផលិត របស់ចិនក៏ដោយ បានបង្កឱ្យមានការផ្ទុះឡើង នូវរលកថ្មីនៅក្នុងប្លុកនេះ។
នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez ក្នុងអំឡុងពេលដំណើរ ទស្សនកិច្ច ទៅកាន់ប្រទេសចិន នាពេលថ្មីៗនេះបានសម្តែងការ ប្រឆាំងរបស់លោក ចំពោះការដំឡើង ពន្ធរបស់សហភាពអឺរ៉ុប លើរថយន្ត EV របស់ចិន ដោយជំរុញឱ្យអឺរ៉ុប ពិចារណាឡើងវិញ និងស្វែងរកការ សម្របសម្រួល ជាមួយប្រទេសចិន ដើម្បីជៀសវាងសង្គ្រាម ពាណិជ្ជកម្ម។ ការព្រួយបារម្ភ របស់លោកត្រូវបានបន្ទរ ដោយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ដែលបានរិះគន់ផែនការ ពន្ធនេះផងដែរ ។
កាលពីខែឧសភា នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បានព្រមានប្រឆាំងនឹងការយកពន្ធលើរថយន្ត EV របស់ចិន ដោយថា “សង្រ្គាមពាណិជ្ជកម្ម កាន់តែទូលំទូលាយ ដែលយើងរារាំង ផលិតផលគ្នាទៅវិញ ទៅមកមិនមែនជាមធ្យោបាយ សម្រាប់ប្រទេសឧស្សាហកម្ម ដូចជាអាល្លឺម៉ង់ និងស៊ុយអែតនោះទេ”។
នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានពណ៌នាការយកពន្ធនេះថា ជាការដាក់ទណ្ឌកម្មដ៏ឃោរឃៅ ប្រឆាំងនឹងក្រុមហ៊ុនផលិតរថយន្តចិន ហើយបានអំពាវនាវ ឱ្យមានការប្រកួតប្រជែងបើកចំហ។
សំឡេងមិនពេញចិត្តទាំងនេះបង្ហាញថា ការសម្រេចដាក់ពន្ធលើរថយន្ត EV របស់ចិនខ្វះការគាំទ្រជាឯកច្ឆ័ន្ទក្នុងចំណោមរដ្ឋសមាជិកសហភាពអឺរ៉ុបទាំងអស់ ។
អ្នកវិភាគនយោបាយក្រូអាត លោក Mladen Plese បានលើកឡើងថា “មនុស្សជាច្រើនជឿថា នេះគឺជាជំហានឆ្ពោះ ទៅរកសង្រ្គាមពាណិជ្ជកម្ម រវាងអឺរ៉ុប និងចិន ដែលចុងក្រោយនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចអឺរ៉ុប”៕
ប្រែសម្រួល ឈូក បូរ៉ា