ព័ត៌មានអន្តរជាតិ

ហេតុអ្វីប្រទេសចិន យកចិត្តទុកដាក់លើ ផែនការប្រាំឆ្នាំ

ទន្លេយ៉ងហ្សេ ជាទន្លេវែងជាងគេបំផុត ក្នុងទ្វីបអាស៊ី ហូរកាត់ប្រទេសចិន ពីទិសខាងលេចទៅខាងកើត ទំហំផ្ទៃទឹកមានប្រវែង ដល់ទៅ១.៨លានគីឡូម៉ែត្រការ៉េ ។ រាប់ពាន់ឆ្នាំកន្លងទៅ ការធ្វើដំណើរ ទៅមកឆ្លងកាត់ទន្លេយ៉ងហ្សេ ជាបញ្ហាលំបាកមួយ រហូតដល់ទសវត្សឆ្នាំ១៩៥០ ស្ពានឆ្លងកាត់ទន្លេយ៉ងហ្សេទីមួយ បានសាងសង់រួចរាល់ និងដាក់ឱ្យដំណើរការ ដែលបានដោះស្រាយ នូវបញ្ហាលំបាក ខាងធ្វើចរាចរណ៍។

តែមប្រៃសណីយ៍ចាស់ៗ មួយឈុតដែលចេញនៅឆ្នាំ១៩៥៨ បានបង្ហាញពីវិស័យ ដែលចិនអនុវត្តផែនការ ប្រាំឆ្នាំទីមួយពោលគឺ៖ ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្មកសិកម្ម គមនាគមន៍និងដឹកជញ្ជូន ។ គំរូដែលតំណាងឱ្យលទ្ធផល ជោគជ័យនៃគមនាគមន៍គឺស្ពាន ទន្លេយ៉ងហ្សេក្រុងអ៊ូហាន ដែលមានរថភ្លើង និងយានយន្តបរទៅមកលើស្ពាន ខណៈនាវាដឹកទំនិញបរឆ្លង កាត់នៅក្រោមស្ពាន ។

ហេតុអ្វីបានជាជនជាតិចិន ហៅសាធារណរដ្ឋប្រជាមានិតចិនថា «ប្រទេសចិនថ្មី» ? ចាប់ពីខែតុលា ឆ្នាំ ១៩៤៩ ប្រទេសចិនដ៏ថ្មីស្រឡាង បានចាប់ផ្តើមធ្វើទំនើបកម្ម ដោយម្ចាស់ការ ។ ពេលដែលយើងលើកឡើងពីប្រទេសចិនថ្មី ចាំបាច់ត្រូវលើកឡើងពីស្ពានឆ្លងទន្លេ យង់ហ្សេដំបូងបង្អស់ ចាំបាច់ត្រូវលើកឡើង ពីបទពិសោធន៍ចិន នៅពីក្រោយការ សាងសង់នេះ ពោលគឺ ៖ ផែនការប្រាំឆ្នាំ ។

ពេលប្រទេសចិនថ្មីបង្កើតឡើង ត្រូវបានប្រទេសលោកខាងលិច កាត់ផ្ដាច់ទំនាក់ទំនង សេដ្ឋកិច្ច និងឧស្សាហកម្មទន់ខ្សោយ យ៉ាងខ្លាំង។ ការអនុវត្តផែនការប្រាំឆ្នាំទីមួយ បានធ្វើឱ្យចិនថ្មីអាចបង្កើតស្ថាប័ន ឧស្សាហកម្មផលិតយន្តហោះ រថយន្ត ម៉ាស៊ីនធុនធ្ងន់ដែលមិនធ្លាប់ មានពីមុនមកយ៉ាង ឆាប់រហ័ស ខណៈតំបន់ភាគកណ្តាលចិន ដែលទីក្រុងអ៊ូហានស្ថិតនៅ អាចបង្កើតសហគ្រាស មួយចំនួនធំ ក្នុងការផលិតដែកថែប ធ្យូងថ្ម កម្លាំងអគ្គីសនីជាដើម ដែលបានក្លាយជា ទម្រង់មូលដ្ឋាន នៃឧស្សាហកម្ម របស់ប្រទេសចិន ។

រឿងគួឱ្យចាប់អារម្មណ៍មួយគឺ ស្ពានដែលត្រូវបានកត់ត្រា ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃប្រទេសចិនថ្មីមានបីខ្សែ ៖ ស្ពានទន្លេយ៉ងហ្សេក្រុងអ៊ូហាន ស្ពានទន្លេយ៉ងហ្សេក្រុងណានជីង និងស្ពានហុងកុង-ជូហៃ-ម៉ាកាវ។ ស្ពានធំៗទាំង៣នេះ ជាសមិទ្ធផលផ្លែផ្កា នៃផែនការ ប្រាំឆ្នាំអំឡុងពេលខុសគ្នា ជាពិសេសស្ពានហុងកុង-ជូហៃ-ម៉ាកាវ ជាស្ពានឆ្លងសមុទ្រ ដែលវែងជាងគេបំផុត លើពិភពលោក ហើយវាត្រូវបានសាងសង់ ជាឯករាជ្យ ដោយប្រទេសចិន ។ រយៈពេល៧៥ឆ្នាំ កន្លងផុតទៅ ប្រទេសចិន បានតាក់តែង និងអនុវត្តផែនការ ប្រាំឆ្នាំចំនួន ១៤ លើក ដែលបានជំរុញ ឱ្យសេដ្ឋកិច្ចជាតិបន្តកើនឡើង ជាប់រហូតក្នុងល្បឿនលឿន និងប្រកបដោយស្ថិរភាព ចំណែកជីវភាពរស់នៅ របស់ប្រជាជនចិន ក៏ត្រូវបានលើកស្ទួយ ដល់កម្រិតខ្ពស់ថ្មី ជារៀងរាល់២ឬ៣ឆ្នាំម្ដង។

សុភាសិតបុរាណចិន ពោលថា៖ « គ្រប់កិច្ចការគួរតែគិតគូរទុកជាមុន ទើបបានសម្រេច បើមិនគិតគូរទុកជា មុនច្បាស់ជាអសារបង់ » ។ ផែនការប្រាំឆ្នាំជាមធ្យោបាយ ធ្វើអភិបាលកិច្ចដ៏សំខាន់មួយនៃបក្សកុម្មុយនីស្តចិន ដោយផ្អែកលើមូលដ្ឋានស្ទង់មតិ និងការសិក្សាស្រាវជ្រាវ យ៉ាងស៊ីជម្រៅពីគ្រប់វិស័យ ហើយតែងតាក់ជាផែនការ តាមដំណាក់កាល នៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ រៀបចំយុទ្ធសាស្ត្រ ណែនាំរដ្ឋបាលគ្រប់ជាន់ ថ្នាក់អនុវត្តជាក់ស្តែង តាមផែនការជាបន្ទាប់ ។

ផែនការប្រាំឆ្នាំ របស់ប្រទេសចិន ផ្តោតលើប្រធានបទតែមួយគឺ ដើម្បីកសាងប្រទេស បែបទំនើបកម្ម ។ ដូចសម្តីប្រសាសន៍ របស់លោក Xi Jinping មេដឹកនាំកំពូល ប្រទេសចិនបានបញ្ជាក់ ៖ យើងនឹងបន្តធ្វើទំនើបកម្ម តាមបែបផែនចិន ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ដោយឈរ លើការអភិវឌ្ឍដោយសន្តិភាព ធ្វើកិច្ចសហប្រតិបត្តិការ និងឈ្នះ-ឈ្នះ ជាមួយពិភពលោក ដើម្បីឱ្យលទ្ធផល នៃការធ្វើទំនើបកម្មផ្តល់ផល ប្រយោជន៍កាន់តែច្រើន កាន់តែយុត្តិធម៌ ចំពោះប្រជាជនទាំងមូល ៕

To Top