យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានឲ្យដឹងថា អ៊ីស្រាអែលបានឈានចូលដល់ “ដំណាក់កាលថ្មី” នៅក្នុងជម្លោះរបស់ខ្លួនជាមួយក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ បន្ទាប់ពីមានការផ្ទុះរយៈពេលពីរថ្ងៃ ដែលផ្តោតលើឧបករណ៍ទំនាក់ទំនង នៅទូទាំងប្រទេសលីបង់។
ថ្លែងនៅឯមូលដ្ឋានទ័ពអាកាសយោធា នៅភាគខាងជើងប្រទេសអ៊ីស្រាអែល លោក Gallant បានឲ្យដឹងថា “អ៊ីស្រាអែល កំពុងផ្លាស់ប្តូរទៅភាគខាងជើង ដោយការបែងចែកធនធាន ថាមពល និងកងកម្លាំង” ។
លោក Gallant បានលើកឡើងថា “យើងកំពុងចាប់ផ្តើមដំណាក់កាលថ្មីមួយ នៅក្នុងសង្រ្គាម នេះតម្រូវឱ្យមានភាពក្លាហាន ការប្តេជ្ញាចិត្ត និងការតស៊ូ” លោកបានបន្ថែមថា គោលដៅគឺដើម្បីបញ្ជូនអ្នកស្រុកនៃសហគមន៍ភាគខាងជើង ត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាព។
សេចក្តីប្រកាសនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពី គណៈរដ្ឋមន្ត្រីសន្តិសុខ របស់នាយករដ្ឋមន្ត្រីលោក បេនចាមីន ណេតាន់យាហ៊ូ បានសម្រេចចិត្តពង្រីកគោលបំណង នៃជម្លោះក្នុងគោលបំណង ធ្វើឱ្យប្រជាជនអ៊ីស្រាអែល ដែលផ្លាស់ទីលំនៅត្រឡប់ទៅតំបន់ព្រំដែន ដែលរងផលប៉ះពាល់ដោយការ ប្រយុទ្ធឆ្លងព្រំដែនជាមួយក្រុមហេសបូឡា ។
លោក Gallant បានសរសើរការរីកចម្រើន របស់យោធាអ៊ីស្រាអែល ប៉ុន្តែមិនបានធ្វើអត្ថាធិប្បាយលើតួនាទី ដែលត្រូវបានចោទប្រកាន់របស់អ៊ីស្រាអែល ក្នុងការវាយប្រហារនាពេលថ្មីៗនេះ នៅក្នុងប្រទេសលីបង់នោះទេ ៕
ប្រែសម្រួល ឈូក បូរ៉ា