បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា យោធារុស្ស៊ីគ្រោងនឹងទទួល យន្តហោះគ្មានមនុស្សបើកចំនួន ១០ ដងនៅឆ្នាំ ២០២៤ ច្រើនជាងឆ្នាំមុន។
ប្រធានាធិបតី Vladimir Putin បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ក្នុងកិច្ចប្រជុំមួយរបស់គណៈកម្មការឧស្សាហកម្មយោធា របស់ប្រទេសស្តីពីការអភិវឌ្ឍន៍ ប្រព័ន្ធយន្តហោះគ្មានមនុស្សបើក។
លោកប្រធានាធិបតីបាននិយាយថា នៅឆ្នាំ២០២៣ កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានទទួលយន្តហោះគ្មានមនុស្សបើកជិត ១៤០,០០០គ្រឿង នៃប្រភេទផ្សេងៗគ្នា ហើយអត្រានៃការផលិតរបស់ពួកគេបាន កើនឡើងយ៉ាងខ្លាំងចាប់តាំងពីពេលនោះមក ។
លោក Putin បានថ្លែងបែបនេះថា៖ នៅឆ្នាំនេះ ការផលិតយន្តហោះគ្មានមនុស្សបើក ត្រូវបានគ្រោងនឹងកើនឡើងជាច្រើនដង ឬដើម្បីឱ្យកាន់តែច្បាស់លាស់ជិតដប់ដង។
លោកបន្តថា ប្រព័ន្ធគ្មានមនុស្សបើកកំពុងត្រូវបានពង្រីក ហើយនាវាគ្មានមនុស្សបើក ក៏ត្រូវបានបង្កើនការអភិវឌ្ឍបន្ថែមឡើងផងដែរ ។
លើសពីនេះលោក Putin បានបញ្ជាក់ទៀតដែរថា ការរចនា ការធ្វើតេស្ត និងការផលិតមូដេលនៃយន្តហោះគ្មានមនុស្សបើក គ្រោងនឹងធ្វើឡើង នៅក្នុងមជ្ឈមណ្ឌលផលិត និងវិទ្យាសាស្ត្រពិសេស ដែលក្នុងនោះ ៤៨ គ្រោងនឹងបង្កើតទូទាំងប្រទេសនៅឆ្នាំ ២០៣០ខាងមុខ៕
ប្រែសម្រួល៖ ស៊ុន លី