បរទេស ៖ អតីតមន្ត្រី CIA ត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគាររយៈពេល ៣០ ឆ្នាំពីបទប្រើប្រាស់គ្រឿងញៀន និងរំលោភផ្លូវភេទលើស្ត្រីជាច្រើននាក់ ខណៈដែលកំពុងធ្វើការ ឱ្យទីភ្នាក់ងារ នៅអាមេរិកខាងត្បូង ។ ប៉ូលីសបានរកឃើញរូបភាព រាប់រយសន្លឹកដ៏អាម៉ាស់ និងការបំពាន លើជនរងគ្រោះ ដែលសន្លប់មិនដឹងខ្លួន នៅលើកុំព្យូទ័រ របស់ភ្នាក់ងាររូបនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Brian Jeffrey Raymond ត្រូវបានកាត់ទោស ដោយតុលាការ Washington DC សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ជិតមួយឆ្នាំបន្ទាប់ ពីគាត់បានសារភាពថា មានកំហុស ចំពោះរាល់ការបំពានផ្លូវភេទ ការបំពានទំនាក់ទំនងផ្លូវភេទ ការបង្ខិតបង្ខំ និងការលួងលោម និងការដឹកជញ្ជូនសម្ភារៈអាសអាភាស។
ជាផ្នែកនៃកិច្ចព្រមព្រៀងជាមួយរដ្ឋអាជ្ញាសហព័ន្ធ លោក Raymond បានសារភាពថាបានចាប់រំលោភស្ត្រី ៤នាក់បន្ថែម, រំលោភផ្លូវភេទលើស្រ្តីចំនួន ៦ នាក់ និងថតរូបអាសអាភាសរបស់ជនរងគ្រោះជាស្ត្រីចំនួន ២៨ នាក់។
ឧក្រិដ្ឋកម្មរបស់ Raymond បានចាប់ផ្តើមនៅក្នុងឆ្នាំ ២០០៦ ហើយមានរយៈពេលជិតពីរទសវត្សរ៍ ។ រដ្ឋអាជ្ញាបានប្រាប់តុលាការ កាលពីឆ្នាំមុនអំពីរបៀប ដែលភ្នាក់ងារជើងចាស់រូបនេះ ប្រើកម្មវិធីណាត់ជួបដើម្បីជួបជនរងគ្រោះនៅពេលបង្ហោះ នៅក្នុងប្រទេសម៉ិកស៊ិក ប៉េរូ និងប្រទេសដទៃទៀត។ គាត់នឹងជួបជនរងគ្រោះទាំងនេះនៅអាផាតមិនជួលដោយរដ្ឋាភិបាល ឱ្យពួកគេផឹកស្រា និងបៀតបៀនផ្លូវភេទពួកគេបន្ទាប់ពីស្ត្រីទាំងនោះបាត់បង់ស្មារតី។
FBI , ក្រសួងយុត្តិធម៌ និងក្រសួងការបរទេស បានចាប់ផ្តើមស៊ើបអង្កេតលោក Raymond ក្នុងឆ្នាំ ២០២០ បន្ទាប់ពីប៉ូលីសនៅទីក្រុងម៉ិកស៊ិកបានឆ្លើយតប ពេលដែលស្ត្រីអាក្រាតកាយម្នាក់ បានស្រែកសុំជំនួយពីយ៉រនៃលំនៅដ្ឋានរបស់ Raymond នេះបើយោងតាមឯកសាររបស់តុលាការ។ ស្ត្រីរូបនេះបានប្រាប់មន្ត្រីថា នាងត្រូវបាន Raymond ឱ្យប្រើប្រាស់ថ្នាំញៀន និងចាប់រំលោភ ហើយ Raymond ក្រោយមកបានសារភាពថា បានរំលោភបំពានផ្លូវភេទនាង ។
ក្រោយមក អ្នកស៊ើបអង្កេត បានរកឃើញរូបភាពអាក្រាតកាយ និងស្ត្រីសន្លប់ច្រើនជាង ៥០០សន្លឹក នៅក្នុងកុំព្យូទ័ររបស់ Raymon ។ នៅក្នុងរូបភាពមួយចំនួន លោក Raymond អាចត្រូវបានគេមើលឃើញថា កំពុងស្ទាបអង្អែលស្ត្រី បង្ខំបើកភ្នែក របស់ពួកគេ ហើយដាក់ម្រាមដៃ របស់គាត់នៅខាងក្នុងមាត់ របស់ស្រ្តីទាំងនោះថែមទៀត ៕