ព័ត៌មានអន្តរជាតិ

ក្រុម​ធុរកិច្ច​ជប៉ុន ជំរុញ​ឱ្យ​រដ្ឋាភិបាល​ទីក្រុងតូក្យូ ធានា​សុវត្ថិភាព​ពលរដ្ឋ​ក្នុង​ប្រទេស​ចិន

kyodo

តូក្យូ៖ ក្រុមធុរកិច្ចជប៉ុនមួយក្រុម បានជំរុញឱ្យរដ្ឋាភិបាលធានាសុវត្ថិភាពជនបរទេសនៅក្នុងប្រទេសចិន បន្ទាប់ពីក្មេងប្រុសជនជាតិជប៉ុនអាយុ ១០ឆ្នាំម្នាក់ត្រូវបានចាក់សម្លាប់យ៉ាងអាណោចអាធ័មនៅតាមផ្លូវទៅសាលារៀននៅភាគខាងត្បូងនៃទីក្រុង Shenzhen ។

លោក Masanori Katayama ប្រធានសមាគមក្រុមហ៊ុនផលិតរថយន្តជប៉ុន បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ខ្ញុំចង់ស្នើឱ្យរដ្ឋាភិបាលពង្រឹងកិច្ចខិតខំប្រឹងប្រែងច្រើនជាងពេលណាៗទាំងអស់ ដើម្បីធានាសុវត្ថិភាពរបស់អ្នកស្រុកជប៉ុន បន្ទាប់ពីឧបទ្ទវហេតុនេះបានបញ្ជូនរលកដ៏រន្ធត់តាមរយៈសហគមន៍ជប៉ុននៅក្នុងប្រទេសចិន”។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយចំនួន រួមមាន Toyota Motor Corp., Honda Motor Co. និង Nissan Motor Co., មានអាជីវកម្ម ដែលមានមូលដ្ឋាននៅក្នុងខេត្ត Guangdong ជាកន្លែងដែលទីក្រុង Shenzhen ស្ថិតនៅ។

លោក Katayama បានលើកឡើងថា ក្រុមហ៊ុននីមួយៗនឹងប្រមូលព័ត៌មាន និងធានាសុវត្ថិភាពរបស់និយោជិត និងក្រុមគ្រួសាររបស់ពួកគេ នៅក្នុងតំបន់ណាមួយ ដែលត្រូវបានគេចាត់ទុកថាមានគ្រោះថ្នាក់។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Panasonic Holdings Corp. បានឲ្យដឹងថា ខ្លួននឹងអនុញ្ញាតឱ្យបុគ្គលិករបស់ខ្លួន និងក្រុមគ្រួសាររបស់ពួកគេ ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន ត្រឡប់ទៅប្រទេសជប៉ុនវិញ ដោយក្រុមហ៊ុនជាអ្នកទទួលខុសត្រូវលើការចំណាយ។

ក្រុមហ៊ុន Toshiba Corp បានចេញសេចក្តីជូនដំណឹងដោយជំរុញឱ្យនិយោជិតរបស់ខ្លួនធ្វើដំណើរទៅ ឬស្នាក់នៅក្នុងប្រទេសចិន ដែលបុគ្គលិកប្រហែល ១០០នាក់ធ្វើការនៅទីក្រុង Shenzhen ឬកន្លែងផ្សេងទៀតក្រោមក្រុមហ៊ុន Toshiba ឱ្យមានការប្រុងប្រយ័ត្ន ចំពោះសុវត្ថិភាពរបស់ពួកគេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top