ព័ត៌មានអន្តរជាតិ

ចិន ជំរុញ​ឲ្យ​អ៊ីស្រាអែល ​បោះបង់​ចោលទាំងស្រុង នូវការ​បំភាន់​នៃ​ជ័យជម្នះ​យោធា​

xinhua

យូអិន ៖ បេសកជនចិន បានជំរុញឱ្យអ៊ីស្រាអែល បោះបង់ចោលការពឹងផ្អែករបស់ខ្លួនលើការប្រើប្រាស់កងកម្លាំង និងការបំភាន់នៃការស្វែងរកជ័យជំនះ ផ្នែកយោធាពេញលេញនៅក្នុងតំបន់ហ្គាហ្សា និងបញ្ឈប់ការរំលោភលើអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសលីបង់។

នៅឯសន្និសីទក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍នៅមជ្ឈិមបូព៌ា រួមទាំងសំណួរ របស់ប៉ាឡេស្ទីន លោក Geng Shuang តំណាងអចិន្ត្រៃយ៍រង របស់ចិនប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា ឥទ្ធិពលនៃការផ្ទុះឡើងពីការបន្តប្រយុទ្ធគ្នា នៅតំបន់ហ្គាហ្សា កំពុងបង្ហាញឱ្យឃើញ ក្នុងល្បឿនប្រយុទ្ធកាន់តែខ្លាំងនៅក្នុងប្រទេសលីបង់ ហើយ​អ៊ីស្រាអែល កំពុង​ឈាន​ដល់​ចំណុច​កំពូល​នៃ​ជម្លោះ​ទាំង​អស់ ដែល​រារាំង​សន្តិភាព និង​ស្ថិរភាព​នៃ​មជ្ឈិមបូព៌ា​ទាំងមូល ។

លោកបានលើកឡើងថា “ចិន ជំរុញឱ្យអ៊ីស្រាអែលបោះបង់ការស្រមើស្រមៃ របស់ខ្លួន ជាមួយនឹងការប្រើប្រាស់កម្លាំង និងការបំភាន់របស់ខ្លួនក្នុងការស្វែង រកជ័យជំនះផ្នែកយោធាពេញលេញ ក៏ដូចជាបញ្ចប់ប្រតិបត្តិការយោធារបស់ខ្លួនភ្លាមៗនៅតំបន់ហ្គាហ្សា បញ្ឈប់ការរំលោភលើអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសលីបង់ និងបញ្ឈប់ការប្រថុយប្រថានណាមួយ ដែលអាចធ្វើឲ្យតំបន់ ធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយមួយផ្សេងទៀត”។

ដោយពិពណ៌នា អំពីដំណោះស្រាយ ដែលកំណត់ដោយប៉ាឡេស្ទីន និងអនុម័តដោយមហាសន្និបាត អង្គការសហប្រជាជាតិ ក្នុងគ្រាអាសន្នពិសេស កាលពីថ្ងៃពុធថាជា “ចំណុចសំខាន់ជាប្រវត្តិសាស្ត្រ” លោក Geng បានលើកឡើងថា ដំណោះស្រាយ ទាមទារឱ្យអ៊ីស្រាអែល បញ្ចប់វត្តមានខុសច្បាប់ របស់ខ្លួននៅក្នុងទឹកដីប៉ាឡេស្ទីនដែលកាន់កាប់ដោយជំរុញឱ្យភាគីទាំងអស់ បញ្ឈប់ការផ្តល់អាវុធដល់អ៊ីស្រាអែល និងបញ្ជាក់ជាថ្មីថា នីតិរដ្ឋអន្តរជាតិត្រូវតែប្រកាន់ខ្ជាប់ ហើយអំពាវនាវឱ្យមានការពន្លឿន ការអនុវត្តដំណោះស្រាយរដ្ឋពីរ ។

លោក​បាន​បន្ដថា ដំណោះស្រាយ​បង្កប់​នូវ​ការ​យល់​ព្រម​យ៉ាង​ទូលំ​ទូលាយ​របស់​សហគមន៍​អន្តរជាតិ​ក្នុង​ការ​លើក​កម្ពស់​យុត្តិធម៌ និង​ការ​សម្រេច​បាន​សន្តិភាព​នៅ​មជ្ឈិមបូព៌ា”។

បេសកជនបានកត់សម្គាល់ថា សកម្មភាពរបស់អ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ រួមទាំងការបន្តពង្រីកការតាំងទីលំនៅ និងការច្របាច់យកលំហរ និងលទ្ធភាពជោគជ័យរបស់ប៉ាឡេស្ទីនក្នុងនាមជារដ្ឋមួយ បន្តបំផ្លាញមូលដ្ឋានគ្រឹះនៃដំណោះស្រាយរដ្ឋពីរ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top