បរទេស៖ យ៉ាងហោចណាស់មនុស្ស ៣ នាក់កំពុងបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ដែលមិនធ្លាប់មានពីមុនមកកាលពីថ្ងៃសៅរ៍នៅ Noto តំបន់ក្នុងខេត្ត អ៊ីស៊ីកាវ៉ា ដែលត្រូវបានវាយប្រហារយ៉ាងខ្លាំងដោយការរញ្ជួយដីកម្រិត ៧.៦ រិចទ័រ កាលពីថ្ងៃចូលឆ្នាំថ្មី ១មករា ដែលជំរុញឱ្យទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសជប៉ុន ចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំងជាបន្ទាន់សម្រាប់តំបន់នោះ។
យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ភ្លៀងធ្លាក់ច្រើនជាង ១២០ មិល្លីម៉ែត្រក្នុងមួយម៉ោង ត្រូវបានកត់ត្រានៅពេលព្រឹកនៅតំបន់ Wajima តំបន់ Noto ក្នុងខេត្តភាគកណ្តាលនៃប្រទេសជប៉ុន ។ វាជាភ្លៀងធ្លាក់ខ្លាំងបំផុតនៅក្នុងតំបន់នេះ ចាប់តាំងពីការកត់ត្រាបានចាប់ផ្តើម។
អាជ្ញាធរខេត្តបាននិយាយថា មនុស្សបីនាក់កំពុងបាត់ខ្លួន បន្ទាប់ពីត្រូវបានទឹកហូរកាត់តាមទន្លេក្នុងទីក្រុង Suzu, Wajima និង Noto ដែលជាក្រុងទាំងបីដែលការព្រមានត្រូវបានចេញ។
ផ្ទះជាច្រើននៅក្នុងតំបន់ក៏ត្រូវបានជន់លិចផងដែរ ដោយក្នុងនោះប្រហែល ៣.១០០គ្រួសារនៅ Wajima, ១.២០០គ្រួសារ នៅ Suzu និង ៩៦០គ្រួសារ នៅ Noto កំពុងជួបប្រទះការដាច់ចរន្តអគ្គិសនី។
មានសេចក្តីរាយការណ៍ថា មានមនុស្សម្នាក់ត្រូវគេកប់ទាំងរស់ ដោយសារបាក់ដី ហើយមនុស្សពីរនាក់បានឡើងលើដំបូលផ្ទះសុំជំនួយ។
យោងតាមក្រសួងដែនដីរបស់ជប៉ុន គឺទឹកទន្លេជាង ១០ បានជន់លិចក្នុងខេត្ត គិតត្រឹមម៉ោង ១១ ព្រឹក ខណៈដែលកម្រិតខ្លះបានរងការខូចខាតដោយការរញ្ជួយដីកាលពីថ្ងៃទី ១ ខែមករា ទីភ្នាក់ងារនេះបានអំពាវនាវឱ្យមានការជម្លៀសឱ្យបានទាន់ពេលវេលា ដោយនិយាយថា ទឹកជំនន់អាចកើតឡើងសូម្បីតែកម្រិតទឹកទាបក៏ដោយ៕
ប្រែសម្រួលៈ ណៃ តុលា