បរទេស ៖ សារព័ត៌មាន Bloomberg News បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនគ្រប់គ្រង ទ្រព្យសម្បត្តិ ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិកឈ្មោះថា Apollo Global Management បានផ្តល់ការវិនិយោគទុក ដែលមានទឹកប្រាក់រហូតដល់ ៥ពាន់លានដុល្លារ សហរដ្ឋអាមេរិកចូលក្នុងក្រុមហ៊ុន Intel ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមហ៊ុន Apollo បានបង្ហាញឲ្យដឹងនៅក្នុងប៉ុន្មានថ្ងៃ កាលពីពេលថ្មីៗនេះថា ខ្លួននឹងមានឆន្ទៈ ក្នុងការវិនិយោគទុន ដែលមានលក្ខណៈសមធម៌រាប់ពាន់ លានដុល្លារ នៅក្នុងក្រុមហ៊ុន Intel ហើយសេចក្តីរាយការណ៍នេះ បានឲ្យដឹងថា ដោយសំអាងលើមនុស្សម្នាក់ ដែលដឹងពីបញ្ហានេះច្បាស់ ។
គួរបញ្ជាក់ថា ដំណឹងនេះ បានកើតឡើងនៅគ្រាដែលគេបានដឹងអំពីភាពចុះខ្សោយ របស់ក្រុមហ៊ុន Intel ដែលធ្លាប់ជាក្រុមហ៊ុន ផលិតបន្ទះឈីបដ៏មានតម្លៃបំផុត នៅក្នុងពិភពលោក ប៉ុន្តែភាគហ៊ុនរបស់ពួកគេ បានបាត់បង់ជិត៦០ភាគរយនៃតម្លៃរបស់ពួកគេគិតចាប់តាំងពីដើមឆ្នាំនេះ ។
សារព័ត៌មាន Bloomberg បានរាយការណ៍ឲ្យដឹងថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Intel បានថ្លឹងថ្លែងលើសំណើរបស់ក្រុមហ៊ុន Apollo ថា ការពិភាក្សាទាក់ទងនឹងកិច្ចព្រមព្រៀងនេះគឺស្ថិតក្នុងដំណាក់កាលបឋមនៅឡើយទេ ហើយមិនទាន់ត្រូវបានបញ្ចប់នោះដែរ ៕
សារព័ត៌មាន Bloomberg បានផ្សព្វផ្សាយថា ទំហំនៃការវិនិយោគ សក្តានុពលនៅក្នុងក្រុមហ៊ុន Intel អាចប្រែប្រួល ហើយការពិភាក្សាទាក់ទងនឹង កិច្ចព្រមព្រៀងមួយក៏អាចធ្លាក់ចុះផងដែរ ។
ក្រុមហ៊ុន Intel បានបដិសេធមិនធ្វើអត្ថាធិប្បាយ លើសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg News ខណៈក្រុមហ៊ុន Apollo មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយ របស់ទីភ្នាក់ងារ Reuters ផងដែរ ។
គួររំលឹកថា កាលពីដើមឆ្នាំ២០២៤ នេះ ក្រុមហ៊ុន Apollo បានឲ្យដឹងថា ខ្លួននឹង ទទួលបានការប្រាក់ ភាគហ៊ុន៤៩ភាគរយនៅក្នុងការបណ្តាក់ទុន រួមគ្នាទាក់ទងនឹងរោងចក្រផលិតថ្មី របស់ក្រុមហ៊ុន Intel នៅក្នុងប្រទេសអៀរឡង់ ដែលមានទឹកប្រាក់១១ពាន់លានដុល្លារអាមេរិក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា