ព័ត៌មានអន្តរជាតិ

មន្រ្តីអាមេរិកថា ភាពតានតឹង​ រវាងអ៊ីស្រាអែល និងក្រុមប្រដាប់ អាវុធហេសបូឡា អាចកើតជាសង្គ្រាម

AFP

បរទេស ៖ សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពជិតស្និទ្ធ ទៅនឹងរដ្ឋបាលប្រធានាធិបតី Joe Bidenថា មន្ត្រីអាមេរិករំពឹងថា ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធលីបង់ នឹងកាន់តែខ្លាំងក្លា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដែលអាចនាំឱ្យមានសង្គ្រាមពេញលេញ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ការលើកឡើងនេះ បានកើតឡើងបន្ទាប់ពីឧបករណ៍វិទ្យុ ទាក់ទងរបស់ក្រុម ហេសបូឡា រាប់ពាន់គ្រឿង បានផ្ទុះនៅទូទាំងប្រទេសលីបង់ក្នុងសប្តាហ៍នេះ នៅក្នុងការវាយប្រហារមួយដែលត្រូវបានគេជឿថា ត្រូវបានរៀបចំឡើងដោយអ៊ីស្រាអែល ។

ទីក្រុងហ្សេរុយសាឡឹម តាមសេចក្តីរាយការណ៍បានប្រាប់ទីក្រុងវ៉ាស៊ីនតោនថា ខ្លួនគ្រោង នឹងប្រើប្រាស់សកម្មភាពយោធា ដើម្បីដាក់សម្ពាធបន្ថែម លើក្រុមហេសបូឡា ដើម្បីយល់ព្រមលើដំណោះស្រាយការទូត ដែលនឹងអនុញ្ញាតឱ្យជនជាតិ អ៊ីស្រាអែលត្រឡប់ទៅផ្ទះរបស់ពួកគេវិញនៅភាគខាងជើង។ មនុស្សប្រហែល ៦០.០០០នាក់ ត្រូវបានជម្លៀសចេញពីភាគខាងជើង ប្រទេសអ៊ីស្រាអែល ដោយសារតែការវាយប្រហារស្ទើរតែរាល់ថ្ងៃដោយក្រុម ហេសបូឡា នៅក្នុងប្រទេសលីបង់។

មន្ត្រីអាមេរិកដែលបាននិយាយជាមួយ Politico ដោយរំពឹងថា ស្ថានភាពនឹងកាន់តែអាក្រក់ទៅៗនៅប៉ុន្មានថ្ងៃខាងមុខនេះ។ ការវាយប្រហារ តាមសេចក្តីរាយការណ៍ អាចបន្តនៅក្នុងប្រទេសលីបង់ ហើយសហរដ្ឋអាមេរិក កំពុងស្មានទុកជាមុនអំពីការសងសឹក ពីក្រុមហេសបូឡាប្រឆាំងនឹងអ៊ីស្រាអែល ។

មន្ត្រីអាមេរិកម្នាក់បានប្រាប់ Politico ថា សកម្មភាពយោធាក៏អាចរាប់បញ្ចូលទាំងការ ធ្វើឃាតមេបញ្ជាការរបស់ក្រុមហេសបូឡា ការវាយប្រហារប្រឆាំងនឹង គោលដៅយោធារបស់ហេសបូឡា និងការវាយប្រហារបន្ថែមទៀត លើហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនងរបស់ក្រុមនេះ។

ជាងនេះទៅទៀត កាលពីថ្ងៃសុក្រ អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើអគារលំនៅឋាន មួយក្នុងទីក្រុងបេរូត ក្នុងប្រទេស លីបង់ ដោយបានសម្លាប់មេបញ្ជាការ កំពូលពីររូបរបស់ក្រុមហេសបូឡានេះ ៕

To Top