បរទេស៖ ប្រភពការទូតបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសជប៉ុនបានប្រាប់ប្រទេសចិនថា នាវាពិឃាតរបស់កងកម្លាំងស្វ័យការពារដែនសមុទ្រ (MSDF) ដែលបានបើកចូលទៅក្នុងដែនទឹករបស់ចិនកាលពីខែកក្កដា បើទោះបីជាមានការព្រមានម្តងហើយម្តងទៀតពីនាវាចិន បានធ្វើដូច្នេះដោយអចេតនាក៏ដោយ ក៏ប្រធានក្រុមនាវាចម្បាំងនោះ ត្រូវបានបណ្តេញសម្រាប់អ្វីដែលត្រូវបានចាត់ទុកថាជាកំហុសធ្ងន់ធ្ងរ។
យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ឧបទ្ទវហេតុដែលបានកើតឡើងខណៈដែលនាវាពិឃាត Suzutsuki កំពុងតាមដានសមយុទ្ធយោធារបស់ចិននៅលើលំហរសមុទ្រ បាននាំឱ្យមានសំណួរអំពីកម្រិតជំនាញរបស់បុគ្គលិក MSDF ។ ប្រភពបាននិយាយថា ទីក្រុងតូក្យូក៏កំពុងពិចារណាលើវិធានការវិន័យប្រឆាំងនឹងសមាជិកនាវិកផ្សេងទៀតផងដែរ។
ជប៉ុនបានជូនដំណឹងក្រៅផ្លូវការទៅចិន អំពីការរកឃើញរបស់ខ្លួនព្រមទាំងការបណ្តេញប្រធានក្រុមនៃនាវាពិឃាតនោះ។ ឧបទ្ទវហេតុនេះបានបង្កឱ្យមានការតវ៉ាពីទីក្រុងប៉េកាំង។
សូមជម្រាបថា កាលពីព្រឹកព្រលឹមថ្ងៃទី៤ ខែកក្កដា នាវា Suzutsuki បានធ្វើដំណើរប្រហែល ២០ នាទីនៅក្នុងដែនទឹករបស់ប្រទេសចិនក្នុងចម្ងាយ ២២ គីឡូម៉ែត្រ នៃឆ្នេរសមុទ្រនៃខេត្ត Zhejiang ។
នៅពេលនោះ កងកម្លាំង MSDF គឺផ្អែកទៅលើការស៊ើបអង្កេតបន្ទាប់ពីបានកត់សម្គាល់ឃើញនាវាពិឃាតចូលទៅក្នុងដែនទឹករបស់ចិន ។ មន្ត្រីដែលមានឋានៈជាមេបញ្ជាការដែលមានតួនាទីជាមេក្រុមរបស់នាវា Suzutsuki បានឆ្លើយតបថា គាត់ “មិនដឹង” ថានាវាបានបើកចូលទៅក្នុង “តំបន់គ្មានដែនកំណត់ នោះទេ, នេះបើតាម ប្រភព។
មន្ត្រីរូបនេះ គឺបានចូលកាន់តំណែងជាអ្នកបញ្ជានាវាកាលពីខែឧសភាឆ្នាំនេះ។ ប្រភពបាននិយាយថា ការស៊ើបអង្កេតដែលបានធ្វើឡើងបន្ទាប់ពីឧប្បត្តិហេតុនេះក៏បានបង្ហាញឱ្យឃើញផងដែរថា មានកំហុសក្នុងការបញ្ជូនព័ត៌មានពីសមាជិកនាវិកផ្សេងទៀតដែលបំពេញកាតព្វកិច្ចនៅពេលដែលនាវាពិឃាតបានចូលទៅក្នុងដែនទឹករបស់ចិន៕
ប្រែសម្រួលៈ ណៃ តុលា