ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បើកការវាយប្រហារ លើតំបន់ហ្គាហ្សា សម្លាប់ពលរដ្ឋប៉ាឡេស្ទីនជិត ២០នាក់

Xinhua

ហ្គាហ្សា៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១៧នាក់ ត្រូវបានសម្លាប់ដោយការ វាយប្រហាររបស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃអាទិត្យ។

របាយការណ៍បានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីន ៧នាក់បានស្លាប់ និងមួយចំនួនទៀតរងរបួស នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើលំនៅដ្ឋានរបស់សាលា Kafr Qasem ដែលបានជម្លៀសប្រជាជន នៅភាគខាងលិចទីក្រុងហ្គាហ្សា។

ទោះជាយ៉ាងណាក៏ដោយ កងកម្លាំងការពារអ៊ីស្រាអែល បានអះអាងកាលពីថ្ងៃអាទិត្យថា ការវាយប្រហារដែលធ្វើឡើងដោយ កងទ័ពអាកាសរបស់ខ្លួនបានកំណត់គោលដៅ “យ៉ាងជាក់លាក់” សំដៅទៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដែលកំពុងប្រតិបត្តិការនៅក្នុងបរិវេណសាលា។

យោងតាម ​​WAFA ជនជាតិប៉ាឡេស្ទីន ៤នាក់ផ្សេងទៀតត្រូវបានសម្លាប់ និងមួយចំនួនទៀតរងរបួសជាលទ្ធផល នៃការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើផ្ទះដែលជាកម្មសិទ្ធិរបស់គ្រួសារលោក Dawas ក្នុងតំបន់ Al-Hakkar កណ្តាលហ្គាហ្សា។

ប្រភពបានរាយការណ៍ថា នៅភាគខាងត្បូងនៃច្រូត កាំភ្លើងធំរបស់អ៊ីស្រាអែល បានកំណត់គោលដៅទីប្រជុំជន Khuza’a ភាគខាងកើតនៃទីក្រុង Khan Younis ដោយបានសម្លាប់មនុស្សពីរនាក់ ដោយបន្ថែមថា ក្រុមសង្គ្រោះបន្ទាន់បានយកសាកសពមនុស្ស ៤នាក់ចេញពីតំបន់ al-Attatirah ភាគខាងកើតនៃទីក្រុង Rafah បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។

កងទ័ព​អ៊ីស្រាអែល មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​ឧប្បត្តិហេតុ​ទាំងនេះ​ទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ៊ីស្រាអែល បាននិងកំពុងធ្វើការវាយលុក ទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា ដើម្បីសងសឹកប្រឆាំងនឹងការវាយលុករបស់ក្រុមហាម៉ាស់ ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្ស ១,២០0នាក់ត្រូវបានសម្លាប់ និងប្រហែល ២៥០នាក់ទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។

អាជ្ញាធរសុខាភិបាល ដែលមានមូលដ្ឋាននៅហ្គាហ្សា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៤១,៤៣១ នាក់ហើយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top