ព័ត៌មានអន្តរជាតិ

ជប៉ុនបញ្ជូនយន្តហោះចម្បាំង២គ្រឿង ហោះស្ទាក់ និងបាញ់សញ្ញាផ្កាភ្លើង ពេលយន្តហោះរបស់រុស្ស៊ី ចូលក្នុងដែនអាកាសខ្លួន

AFP

បរទេស៖ ក្រសួងការពារជាតិជប៉ុនបាននិយាយកាលពីថ្ងៃច័ន្ទថា យន្តហោះយោធារុស្ស៊ីបានបំពានដែនអាកាសរបស់ប្រទេសជប៉ុនចំនួនបីដង ដែលជំរុញឱ្យយន្តហោះចម្បាំងកងកម្លាំងស្វ័យការពារដែនអាកាសបាញ់ភ្លើងសញ្ញាជាលើកដំបូងដែលមិនធ្លាប់មាន ដោយនាំឱ្យទីក្រុងតូក្យូបានដាក់ការតវ៉ាយ៉ាងតឹងរ៉ឹងជាមួយទីក្រុងម៉ូស្គូ។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា យន្តហោះល្បាត IL-38 បានហោះពីលើដែនទឹកក្នុងសមុទ្រជប៉ុនភាគខាងជើងនៃកោះ Rebun ក្នុងខេត្តភាគខាងជើងបំផុតនៃកោះហុកកៃដូរបស់ប្រទេសជប៉ុនបីដង នៅចន្លោះម៉ោង ១ រសៀល ​និង​ម៉ោង​៤​រសៀល ហើយ​ការ​ទន្ទ្រាន​ចូល គឺមាន​រយៈពេល​ប្រហែល​៣០​វិនាទី​ទៅ​មួយ​នាទី​។

ក្រសួងបាននិយាយទៀតថា យន្តហោះចម្បាំង ASDF F-15 និង F-35 របស់ជប៉ុន ត្រូវបានបញ្ជូនទៅហោះស្ទាក់ និងបាញ់សញ្ញាភ្លើងបន្ទាប់ពីការឈ្លានពានលើកទីបី បន្ទាប់ពីការព្រមានម្តងហើយម្តងទៀតទៅលើយន្តហោះរុស្ស៊ី ឱ្យចាកចេញពីដែនអាកាសបន្ទាប់ពីការរំលោភលើកដំបូង។

នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានណែនាំមន្ត្រីរដ្ឋាភិបាលឱ្យឆ្លើយតប “យ៉ាងម៉ឺងម៉ាត់ និងស្ងប់ស្ងាត់” ចំពោះការឈ្លានពានដែនអាកាស ខណៈពេលដែលសហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត នេះបើយោងតាមប្រមុខខុទ្ទកាល័យលោក Yoshimasa Hayashi ។

អ្នកនាំពាក្យរដ្ឋាភិបាលកំពូលបានប្រាប់អ្នកយកព័ត៌មានថា “ការរំលោភដែនអាកាសរបស់ប្រទេសយើងដោយយន្តហោះល្បាតយោធារុស្ស៊ីគឺពិតជាគួរឱ្យសោកស្តាយខ្លាំងណាស់” ដោយលោកបន្ថែមថា រដ្ឋាភិបាល “អំពាវនាវយ៉ាងខ្លាំង” ឱ្យរុស្ស៊ីទប់ស្កាត់ឧប្បត្តិហេតុស្រដៀងគ្នានេះកុំឱ្យកើតឡើងម្តងទៀត៕

ប្រែសម្រួលៈ ណៃ តុលា

To Top