ព័ត៌មានអន្តរជាតិ

ជប៉ុន ជំរុញឲ្យចិន រក្សាសុវត្ថិភាពដល់ពលរដ្ឋរបស់ខ្លួន

Kyodo

ញូវយ៉ក៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa បានឲ្យដឹងថា លោកស្រី បានជំរុញឱ្យប្រទេសចិន ចាត់វិធានការដើម្បីធានាសុវត្ថិភាពរបស់ពលរដ្ឋជប៉ុន ជាពិសេសកុមារក្នុងប្រទេសនេះ ក្នុងអំឡុងពេលពិភាក្សាជាមួយអ្នកការទូតកំពូលរបស់ខ្លួនលោក វ៉ាង យី នៅទីក្រុងញូវយ៉ក។

ជំនួប​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ចាក់​សម្លាប់​សិស្ស​សាលា​ជប៉ុន​ម្នាក់​កាល​ពី​សប្តាហ៍​មុន​នៅ​ក្នុង​ទីក្រុង Shenzhen ប្រទេស​ចិន។  លោកស្រី Kamikawa ក៏បានប្រាប់អ្នកសារព័ត៌មានថា លោកស្រី បានស្នើឱ្យទីក្រុងប៉េកាំង ផ្តល់ព័ត៌មានស៊ីជម្រៅអំពីឧបទ្ទវហេតុដល់ទីក្រុងតូក្យូ និងបង្ក្រាបបណ្តាញទំនាក់ទំនងសង្គមប្រឆាំងនឹងជប៉ុន និងការបង្ហោះតាមអ៊ីនធឺណិតផ្សេងទៀតជាបន្ទាន់។

រដ្ឋមន្ត្រីជប៉ុន បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់វិធានការប្រឆាំងនឹងការអត្ថាធិប្បាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គមបែបនេះ ពីព្រោះពួកគេត្រូវបាន “ភ្ជាប់ដោយផ្ទាល់ទៅនឹងសុវត្ថិភាពរបស់កុមារ និង មិនអាចទទួលយកបានទាំងស្រុង” ។

លោកស្រីបានបន្ថែមថា ប្រទេសចិនគួរតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដកចេញនូវឧបសគ្គដែលរារាំងការផ្លាស់ប្តូរកាន់តែប្រសើរឡើងរវាងប្រទេសទាំងពីរ នេះបើយោងតាមក្រសួងការបរទេសជប៉ុន។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រីបានដកស្រង់សម្តីលោក វ៉ាង យី ថាជាការឆ្លើយតបថាអ្វីដែលបានកើតឡើងនៅទីក្រុង Shenzhen “គឺជាករណីបុគ្គលដែលយើងមិនចង់ឃើញ ហើយអាជ្ញាធរចិននឹងដោះស្រាយវាស្របតាមច្បាប់”។

ក្រសួងការបរទេសចិនបានឲ្យដឹងថា លោក វ៉ាង យី បានប្រាប់លោកស្រី Kamikawa ថាប្រទេសចិន នឹងបន្តការពារពលរដ្ឋបរទេសទាំងអស់នៅក្នុងប្រទេសចិន ដែលរស់នៅទីនោះ ហើយបានជំរុញឱ្យទីក្រុងតូក្យូ ទទួលយក “វិធីសាស្រ្តស្ងប់ស្ងាត់ និងសមហេតុផល ចំពោះករណីនេះ ជំនួសឱ្យការធ្វើនយោបាយ និងពង្រីកវាឲ្យកាន់តែខ្លាំង”៕


ប្រែសម្រួល ឈូក បូរ៉ា

To Top