ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Nippon Steel ដាក់ពាក្យស្នើសុំការពិនិត្យឡើងវិញលើទិញយកក្រុមហ៊ុនដែកថែប អាមេរិកចំពេលមានការប្រឆាំងពីលោក បៃដិន

kyodo

តូក្យូ៖ ក្រុមហ៊ុន Nippon Steel Corp. បានដាក់ពាក្យសុំម្តងទៀតទៅគណៈកម្មាធិការសហរដ្ឋអាមេរិក ស្តីពីការវិនិយោគបរទេសសម្រាប់ការពិនិត្យលើគម្រោងទិញយកក្រុមហ៊ុន United States Steel Corp. របស់ខ្លួន ខណៈប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន តាមសេចក្តីរាយការណ៍ថា កំពុងរៀបចំទប់ស្កាត់កិច្ចព្រមព្រៀងនេះ។

ការស្នើសុំឡើងវិញនឹងពន្យាររយៈពេលពិនិត្យរបស់គណៈកម្មាធិការដោយ ៩០ថ្ងៃ ដោយអាចរុញច្រានការសម្រេចចិត្តរបស់ខ្លួនលើកិច្ចព្រមព្រៀងនេះរហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកា និងធ្វើឱ្យមានភាពស្មុគស្មាញដល់ការផ្លាស់ប្តូរណាមួយដើម្បីរារាំងកិច្ចព្រមព្រៀងនាពេលនេះ។

សំណើនេះកើតឡើងបន្ទាប់ពីមានរបាយការណ៍កាលពីដើមខែនេះថាលោក បៃដិន កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការទប់ស្កាត់ការកាន់កាប់ក្រុមហ៊ុនអាមេរិកដ៏ល្បីឈ្មោះ ១៤,១ ពាន់លានដុល្លារដោយក្រុមហ៊ុនផលិតដែកដ៏ធំរបស់ប្រទេសជប៉ុន បើទោះបីជាមានកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំងពីរ និងការគាំទ្រពីម្ចាស់ភាគហ៊ុនដ៏រឹងមាំក៏ដោយ។

ផែនការទិញយកដែលបានប្រកាសនៅក្នុងខែធ្នូបានបង្កឱ្យមានការរិះគន់យ៉ាងតឹងរ៉ឹងពីសហជីពកម្មកររោងចក្រ United Steelworkers ដ៏មានឥទ្ធិពលនៅអាមេរិក។

ទាំងសហជីព USW និង US Steel មានទីស្នាក់ការកណ្តាលនៅរដ្ឋ Pennsylvania ដែលជារដ្ឋសមរភូមិដ៏សំខាន់នៅក្នុងការបោះឆ្នោតខែវិច្ឆិកា ដែលធ្វើឱ្យការទិញយកសក្តានុពលជាបញ្ហានយោបាយខ្ពស់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top