ព័ត៌មានអន្តរជាតិ

ជប៉ុន សម្ដែងការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការ​រំលោភ​ដែន​អាកាស​ដោយ​រុស្ស៊ី និង​ចិន

តូក្យូ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Minoru Kihara បានឲ្យដឹងថា ប្រទេសជប៉ុន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការរំលោភដែនអាកាសនាពេលថ្មីៗនេះដោយចិន និងរុស្ស៊ី និងសកម្មភាពយោធាផ្សេងទៀតដោយពួកគេនៅជុំវិញប្រទេសជប៉ុន។

ការកត់សម្គាល់របស់លោក Kihara បានកើតឡើងមួយថ្ងៃបន្ទាប់ពីយន្តហោះល្បាតយោធារុស្ស៊ី បានហោះពីលើដែនទឹកក្នុងសមុទ្រជប៉ុនភាគខាងជើងនៃកោះហុកកៃដូចំនួន ៣លើក ដែលជំរុញឱ្យយន្តហោះចម្បាំងកងកម្លាំងស្វ័យការពារដែនអាកាសបាញ់សញ្ញាភ្លើងជាលើកដំបូង ដែលមិនធ្លាប់មាន។

កាលពីចុងខែសីហា ជប៉ុន ក៏បានបញ្ជាក់ជាលើកដំបូងដែរថា យន្តហោះចារកម្មយោធាចិនបានបំពានដែនអាកាសជប៉ុនលើដែនទឹកក្នុងសមុទ្រចិនខាងកើត ពីប្រជុំកោះក្នុងខេត្តណាហ្គាសាគី ភាគនិរតីប្រទេសជប៉ុន។

លោកបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូ ដោយហៅការឈ្លានពានដែនអាកាសដោយរុស្ស៊ីថា “យើងមានអារម្មណ៍ខ្លាំងនៃវិបត្តិលើករណីទាំងនេះ ដែលបានកើតឡើងជាបន្តបន្ទាប់ក្នុងរយៈពេលដ៏ខ្លីនៅក្នុងដែនទឹក និងដែនអាកាសជុំវិញប្រទេសរបស់យើង” ។ 

លោកក៏បានកត់សម្គាល់ផងដែរថា នាវាកងទ័ពជើងទឹកចិន និងរុស្ស៊ី សរុបចំនួនប្រាំបីគ្រឿង បានធ្វើដំណើររួមគ្នាឆ្លងកាត់ច្រកសមុទ្រ Soya រវាងកោះ Hokkaido និង Sakhalin ខណៈពេលដែលឆ្លងកាត់ពីសមុទ្រជប៉ុនទៅកាន់សមុទ្រ Okhotsk ពីថ្ងៃអាទិត្យដល់ថ្ងៃចន្ទ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top