ព័ត៌មានអន្តរជាតិ

Update: ចំនួន​អ្នក​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​ តាម​អាកាស​របស់​អ៊ីស្រាអែល​លើ ​ប្រទេស​លីបង់ កើន​ដល់ ៥៥៨​នាក់

xinhua

បេរូត៖ រដ្ឋមន្ត្រីសុខាភិបាលលីបង់ លោក Firas Abiad បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមផ្លូវអាកាសដ៏ខ្លាំងក្លារបស់អ៊ីស្រាអែល ទៅលើភាគខាងត្បូង និងភាគខាងកើតប្រទេសលីបង់ ចាប់តាំងពីថ្ងៃច័ន្ទ បានកើនឡើងដល់ ៥៥៨នាក់ ក្នុងនោះមានកុមារចំនួន ៥០នាក់ និងស្ត្រី ៩៤នាក់ ជាមួយនឹងការរងរបួសកើនឡើងដល់ ១,៨៣៥នាក់។

លោកបានលើកឡើងថា ការវាយប្រហារតាមអាកាសបានកំណត់គោលដៅរថយន្តសង្គ្រោះបន្ទាន់ចំនួន ១៤គ្រឿង ដោយបានសម្លាប់គ្រូពេទ្យចំនួន ៤នាក់ និង ១៦នាក់ផ្សេងទៀតរងរបួស។

លោក​បាន​ថ្កោលទោស​កងកម្លាំង​អ៊ីស្រាអែល​ដែល​បាន​កំណត់​គោលដៅ​លើ​ជន​ស៊ីវិល ក្រុម​ពេទ្យ និង​មន្ទីរពេទ្យ Bint Jbeil នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានបន្ដថា “ការអះអាងរបស់សត្រូវរបស់អ៊ីស្រាអែល ដែលផ្តោតលើតែសមាជិកក្រុមហេសបូឡា គឺមិនពិត។ តួលេខដែលយើងបានលើកឡើងបង្ហាញថា សត្រូវកំពុងផ្តោតលើជនស៊ីវិលស្លូតត្រង់ និងបុគ្គលិកពេទ្យ”។

គួរបញ្ជាក់ថា កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាទៅលើភូមិ និងទីប្រជុំជននៅភាគខាងត្បូង និងភាគខាងកើតប្រទេសលីបង់ ចាប់តាំងពីថ្ងៃច័ន្ទ ដោយបានជម្លៀសប្រជាជនរាប់ពាន់គ្រួសារទៅកាន់តំបន់សុវត្ថិភាព៕

ប្រែសម្រួល ឈូក បូរ៉ា

To Top