ប៉េកាំង៖ ឧបនាយករដ្ឋមន្ត្រីចិន លោក Ding Xuexiang បានឲ្យដឹងថា ប្រទេសចិន មានឆន្ទៈក្នុងការធ្វើការ ជាមួយសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីធ្វើឱ្យស៊ីជម្រៅកិច្ច សហប្រតិបត្តិការ ជាក់ស្តែង និងសរសេរជំពូកថ្មីមួយ ក្នុងការកសាង សហគមន៍ចិន-អាស៊ាន ឱ្យកាន់តែជិតស្និទ្ធជាមួយនឹងអនាគតរួមគ្នា។
លោកក៏ជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បានធ្វើការកត់សម្គាល់នៅពេលថ្លែងសុន្ទរកថាក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី២១ និងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគចិន-អាស៊ាននៅណានីង តំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិន។
លោក បានកត់សម្គាល់ថា ប្រទេសចិន និងអាស៊ាន មានទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រដ៏យូរអង្វែង ហើយជាអ្នកជិតខាងល្អ មិត្តល្អ និងដៃគូដ៏ល្អ ។ កិច្ចសហប្រតិបត្តិការក្នុងតំបន់ប៉ាស៊ីហ្វិក និងជាឧទាហរណ៍ដ៏រស់រវើក នៃការលើកកម្ពស់ការកសាងសហគមន៍ ជាមួយនឹងអនាគតរួមគ្នា សម្រាប់មនុស្សជាតិ។
លោកបានលើកឡើងថា ប្រទេសចិន កំពុងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការកសាងប្រទេស សង្គមនិយមទំនើបដ៏អស្ចារ្យមួយនៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់ និងបន្តការស្តារជាតិ ឡើងវិញ តាមរយៈមាគ៌ារបស់ចិនទៅកាន់ទំនើបកម្ម ដែលនឹងនាំមក នូវឱកាសដ៏អស្ចារ្យដល់ពិភពលោក។
លោកបានបន្ថែមថា ប្រទេសចិន នឹងបន្តអនុវត្ត តាមគោលការណ៍មិត្តភាព ភាពស្មោះត្រង់ ផលប្រយោជន៍ទៅវិញទៅមក និងបរិយាប័ន្នក្នុងទំនាក់ទំនងការទូតអ្នកជិតខាង ធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយបណ្តាប្រទេសអាស៊ាន និងសរសេរជំពូកថ្មីក្នុងការកសាងសហគមន៍ ចិន-អាស៊ាន ដែលមានអនាគតរួមគ្នា ។
លោកបានអំពាវនាវ ដល់ប្រទេសចិន និងបណ្តាប្រទេសអាស៊ាន ឱ្យលើកកំពស់ការជឿទុកចិត្តគ្នា ជាយុទ្ធសាស្ត្រ ដល់កម្ពស់ថ្មី ។ លោកបានបន្ដថា កិច្ចខិតខំប្រឹងប្រែង គួរតែត្រូវបានធ្វើឡើង ដើម្បីអនុវត្តគំនិត ផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និង គំនិតផ្តួចផ្តើមអរិយធម៌សកល ធ្វើឱ្យស៊ីសង្វាក់គ្នាបន្ថែមទៀត នូវយុទ្ធសាស្រ្តអភិវឌ្ឍន៍ របស់ពួកគេ និងពង្រឹងកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវដែលមានគុណភាពខ្ពស់ ដើម្បីលើកកម្ពស់ភាពរីកចម្រើន និងស្ថិរភាពក្នុងតំបន់ និងសកលលោក ៕
ប្រែសម្រួល ឈូក បូរ៉ា