ប៉េកាំង៖ ប្រទេសចិន បានអំពាវនាវដល់ពលរដ្ឋរបស់ខ្លួន ដែលធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ឬរស់នៅក្នុងប្រទេសនេះ ឱ្យមានការប្រុងប្រយ័ត្ន បន្ទាប់ពីមានអំពើចាក់សម្លាប់សិស្សសាលាជនជាតិជប៉ុនម្នាក់នៅទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន កាលពីមួយសប្តាហ៍មុន។
ស្ថានទូតចិន ប្រចាំប្រទេសជប៉ុន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា “ជាមួយនឹងថ្ងៃឈប់សម្រាកបុណ្យជាតិជិតមកដល់ សូមបង្កើនការយល់ដឹងអំពីការប្រុងប្រយ័ត្នសុវត្ថិភាព និងធានាឱ្យមានការធ្វើដំណើរប្រកបដោយសុវត្ថិភាពនៅក្នុងស្ថានភាពបច្ចុប្បន្ន” ។
ជាមួយនឹងថ្ងៃឈប់សម្រាកពេញមួយសប្តាហ៍របស់ប្រទេសចិន នឹងចាប់ផ្តើមនៅថ្ងៃអង្គារសប្តាហ៍ក្រោយ ស្ថានទូតក៏បានណែនាំដល់ជនជាតិចិនឱ្យគោរពទំនៀមទម្លាប់ក្នុងស្រុកនៅក្នុងប្រទេសជប៉ុន និងជៀសវាងការធ្វើបាតុកម្ម ឬការជួបជុំគ្នា ដើម្បីការពារជម្លោះ ដែលអាចកើតមានជាមួយប្រជាជនជប៉ុន។
ក្មេងប្រុសអាយុ ១០ឆ្នាំដែលមានឪពុកជាជនជាតិជប៉ុន និងម្តាយជាជនជាតិចិន ត្រូវបានចាក់សម្លាប់តាមផ្លូវទៅសាលាជប៉ុននៅទីក្រុង Shenzhen កាលពីថ្ងៃពុធសប្ដាហ៍មុន ហើយបានស្លាប់នៅព្រឹកបន្ទាប់។ ជនសង្ស័យប្រុសម្នាក់ត្រូវបានចាប់ខ្លួននៅក្បែរសាលាភ្លាមៗក្រោយកើតហេតុ ។
ខណៈពេលដែលអាជ្ញាធរចិន មិនបានបង្ហាញពីហេតុផលរបស់ជនសង្ស័យនោះ ការរំពឹងទុកជាច្រើនបានកើតឡើងថា ការចាក់សម្លាប់នេះគឺមានចេតនា ដូចដែលវាបានកើតឡើងនៅក្នុងខួបលើកទី៩៣ នៃការទម្លាក់គ្រាប់បែករបស់ជប៉ុន ទៅលើផ្លូវដែកនៅជិតទីក្រុង Shenyang ដែលជាការចាប់ផ្តើមនៃឧប្បត្តិហេតុ Manchurian ដែលនាំទៅដល់ការឈ្លានពានរបស់ជប៉ុន នៅភាគឦសានប្រទេសចិន៕
ប្រែសម្រួល ឈូក បូរ៉ា