ព័ត៌មានអន្តរជាតិ

តម្រូវការថាមពលសកល នឹងកើនឡើង ២៤ ភាគរយ នៅឆ្នាំ២០៥០

Afp

រីយ៉ូ៖ តម្រូវការថាមពលសកលនឹងកើនឡើង ២៤ ភាគរយនៅឆ្នាំ២០៥០ ជាមួយនឹងប្រេង ដែលគ្របដណ្តប់ទីផ្សារពិភពលោកត្រូវការ ១២០,១លានបារ៉ែលក្នុងមួយថ្ងៃ នេះបើយោងតាមអង្គការនៃប្រទេសនាំចេញប្រេង (OPEC)។

ស្របពេលជាមួយនឹង Rio Oil & Gas ដែលជាពិព័រណ៍ប្រេង និងឧស្ម័នធម្មជាតិដ៏ធំបំផុតនៅអាមេរិកឡាទីន ដែលដំណើរការរហូតដល់ថ្ងៃព្រហស្បតិ៍ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល អង្គការ OPEC បានចេញផ្សាយទស្សនវិស័យប្រេងពិភពលោកប្រចាំឆ្នាំរបស់ខ្លួនជាលើកដំបូងនៅខាងក្រៅទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងវីយែន។

អង្គការដែលប្រមូលផ្តុំប្រទេសផលិតប្រេងធំជាងគេបំផុតរបស់ពិភពលោកនេះ បានឲ្យដឹងថា ខ្លួនមិនឃើញមានសញ្ញានៃការកើនឡើងនៃការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលនោះទេ បើទោះបីជាមានការប្រណាំងប្រជែងជាសាកល សម្រាប់ថាមពលកកើតឡើងវិញក៏ដោយ។  ផ្ទុយទៅវិញ អង្គការនេះបានព្យាករណ៍ថានៅឆ្នាំ២០៥០ ប្រេងនឹងជាជម្រើសនៃថាមពលរបស់ពិភពលោក។

អគ្គលេខាធិការអង្គការ OPEC លោក Haitham Al Ghais បានលើកឡើងថា “ការចេញផ្សាយនូវទស្សនវិស័យរបស់យើងនៅទីនេះ គឺជាសញ្ញាច្បាស់លាស់មួយអំពីសារៈសំខាន់របស់ប្រទេសប្រេស៊ីល ចំពោះពិភពលោកនៃថាមពល មិនត្រឹមតែសម្រាប់ប្រេងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ថាមពលពិភពលោកផងដែរ” ។

របាយការណ៍បានឲ្យដឹងថាថាមពលកកើតឡើងវិញនឹងមាន ៦០ភាគរយនៃកំណើនតម្រូវការពិភពលោក ប៉ុន្តែការប្រើប្រាស់ប្រេងត្រូវបានគេរំពឹងថានឹងលើសពី ១២០លានបារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ២០៥០ កើនឡើង ១៧លានបារ៉ែលពីកម្រិតប្រើប្រាស់បច្ចុប្បន្ន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top