ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង អះអាងថា Quad ជា​ឧបករណ៍​នយោបាយ និងការទូត​សម្រាប់​ការត្រួតត្រា​ ​ដោយ​ឯកតោភាគី​របស់អាមេរិក

Xinhua

សេអ៊ូល៖ ក្រសួងការបរទេសកូរ៉េខាងជើង បានថ្កោលទោស សហរដ្ឋអាមេរិក ដែលបានប្រើប្រាស់កិច្ចប្រជុំកំពូល Quad ដើម្បីបន្តគោលនយោបាយ នៃការប្រឈមមុខដាក់គ្នាក្នុងប្លុក ក្រោមឈ្មោះថា “ការរក្សាសន្តិភាព និងស្ថិរភាព”  ដោយ​ហៅ​ការ​ដាក់​ក្រុម​នេះ​ថា​ជា​ “ឧបករណ៍​នយោបាយ​និង​ការទូត​សម្រាប់​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​ នៃ​ការ​ត្រួតត្រា​តែ​ម្នាក់ឯង”។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) ក្រសួងការបរទេសកូរ៉េខាងជើងបានឲ្យដឹងថា សហរដ្ឋអាមេរិក បានបង្ករឿងនយោបាយយ៉ាងធ្ងន់ធ្ងរ ដោយញុះញង់បរិយាកាស នៃសម្ពាធសមូហភាពលើកូរ៉េខាងជើង ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល នៃកិច្ចសន្ទនាសន្តិសុខ ៤ជ្រុងនាពេលថ្មីៗនេះ ដែលត្រូវបានគេស្គាល់ថា Quad ដែលរួមមានសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី។

ផ្ទាំងពាណិជ្ជកម្ម

KCNA បានឲ្យដឹងថា ក្នុងនាមជាផលិតផលចុងក្រោយ នៃចិត្តគំនិតនៃសង្រ្គាមត្រជាក់របស់សហរដ្ឋអាមេរិក និងគោលនយោបាយ នៃការប្រឈមមុខដាក់គ្នា ក្នុងប្លុក Quad “បានក្លាយទៅជាកត្តាគ្រោះថ្នាក់ ដែលធ្វើឱ្យមានការមិនទុកចិត្ត និងការប្រឆាំងកាន់តែស៊ីជម្រៅ រវាងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងបង្កឱ្យមានអស្ថិរភាពអន្តរជាតិ” ។ 

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “គោលនយោបាយរបស់សហរដ្ឋអាមេរិក ក្នុងការជំរុញឱ្យមានការប្រឈមមុខដាក់គ្នា ក្នុងប្លុកដែលប្រឈមនឹងយុត្តិធម៌ និងប្រឆាំងនឹងនិន្នាការ នៃសម័យកាល គឺជាបុព្វហេតុដ៏គ្រោះថ្នាក់នៃការលាតត្រដាងសន្តិភាព និងសន្តិសុខពិភពលោកទៅ នឹងការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុត”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top