ព័ត៌មានអន្តរជាតិ

អត្ថាធិប្បាយ ៖ ចិននិងអាស៊ាន កំពុងប្រកៀកស្មា គ្នាឆ្ពោះទៅការកសាង សហគមន៍ជោគវាសនារួម ដែលកាន់តែស្អិតល្មួត

ក្នុងនាមជាប្រទេសជិតខាង ប្រទេសចិន និងបណ្តាប្រទេសអាស៊ាន មានទំនាក់ទំនងមិត្តភាព ប្រពៃណីដ៏យូរលង់ ។ កាលពី ៣២ ឆ្នាំមុន ភាគីទាំងពីរចិននិងអាស៊ាន បានបង្កើតទំនាក់ទំនងដៃគូសន្ទនា ហើយកាលពីឆ្នាំ ២០២១ ភាគីទាំងពីរបាន ប្រកាសលើកកម្ពស់ ទំនាក់ទំនងទ្វេភាគីទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាសញ្ញាបង្ហាញថា ចិននិងអាស៊ានកំពុង ប្រកៀកស្មាគ្នាដើរ តាមមាគ៌ាអភិវឌ្ឍន៍ រួមដើម្បីឆ្ពោះទៅការកសាង សហគមន៍ជោគវាសនារួម ដែលកាន់តែស្អិតល្មួត ។

-ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ប្រទេសចិននិងអាស៊ានមិនត្រឹម តែមានទឹកដីជាប់គ្នា ឬស្ថិតនៅក្បែរខាងគ្នា ប៉ុណ្ណោះទេ ថែមទាំង មានអរិយធម៌ បូព៌ាប្រទេស ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាទៀតផង ពិសេសមានជនជាតិ ចិនជាច្រើន ដែលបានទៅរស់នៅប្រទេស អាស៊ានជាច្រើនជំនាន់ ដែលបានដើរតួនាទីជាស្ពាន សម្រាប់តភ្ជាប់ចំណងមេត្រី ភាពរវាងប្រទេសចិន ជាមួយប្រទេសទាំងនេះ រហូតមានប្រទេសជាមិត្តមួយចំនួន មានចំណងមិត្តភាព រឹងមាំ ដូចដែកថែបជា មួយចិន ទៀតផង តួយ៉ាងដូចជាប្រទេសកម្ពុជា ។ បច្ចុប្បន្ន ក្នុងចំណោមប្រទេសអាស៊ាន មានប្រទេសជាច្រើន ដែលបានប្រកៀកស្មា ជាមួយប្រទេសចិន ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួម ដែលមានភាពកាន់តែស្អិតល្មួត ។ ឯចិននិងកម្ពុជាបានឈានចូលដំណាក់កាល កសាងសហគមន៍ជោគវាសនារួម ដែលប្រកបដោយកម្រិតខ្ពស់ គុណភាពខ្ពស់និងស្តង់ដាខ្ពស់ក្នុងយុគសម័យថ្មី ។

-កិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម តាមការលើកឡើងរបស់មន្ត្រី ក្រសួងពាណិជ្ជកម្មចិន គិតចាប់ពីឆ្នាំ ២០១៣ មក កំណើនពាណិជ្ជកម្មរវាងចិននិងអាស៊ានគិតជាមធ្យម ៧.៥% ក្នុងមួយឆ្នាំ ។ ក្នុងឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីមានចំនួន ៩១១.៧ ប៊ីលានដុល្លារ អាមេរិក ក្នុងនោះ ប្រទេសចិនជាដៃគូ ពាណិជ្ជកម្មធំទីមួយ របស់អាស៊ានក្នុងរយៈពេល ១៥ ឆ្នាំជាប់ៗគ្នា ចំណែកអាស៊ានជាដៃគូពាណិជ្ជកម្មធំទីមួយរបស់ប្រទេសចិនក្នុងរយៈពេល ៤ ឆ្នាំជាប់ៗគ្នា ។ ៧ ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងចិននិងអាស៊ាន បានឡើងដល់ចំនួន ៥៥២ ប៊ីលានដុល្លារអាមេរិក កើនឡើងចំនួន ៧.៧ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។

កត្តាដែលនាំឱ្យទំហំពាណិជ្ជកម្ម ទ្វេភាគីចិននិងអាស៊ានមានការកើនឡើងជាលំដាប់ គឺដោយសារតែក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយនេះ ប្រទេសអាស៊ាន បានក្លាយជាគំរូនៃការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ»ជាមួយប្រទេសចិន ពោលគឺទាំងសមាគមអាស៊ាន និងប្រទេសសមាជិកទាំង ១០ សុទ្ធតែបានចុះហត្ថលេខាលើឯកសារ ស្តីពីគំនិតឯកភាពរួម ក្នុងការកសាង« ខ្សែក្រវាត់និងផ្លូវ»ជាមួយប្រទេសចិន ព្រមទាំងបានអនុវត្ត ជាក់ស្តែងនូវគំនិត ឯកភាពរួមនេះ ដែលញ៉ាំងឱ្យកិច្ច សហប្រតិបត្តិការ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងអាស៊ាន ទទួលបានសមិទ្ធផលថ្មីៗ គួរឱ្យកត់សម្គាល់ ។

លើកយកកម្ពុជាដែលជាប្រទេសមួយក្នុងចំណោមប្រទេសដែលគាំទ្រនិងចូលរួមគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»ដំបូងគេជាឧទាហរណ៍ ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើនឡើងៗ ក្នុងនោះ កិច្ចព្រមព្រៀងភាពជា ដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ ( RCEP ) និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីចិន-កម្ពុជាបានដើ រតួនាទីដ៏សំខាន់ ដែលមិនអាចខ្វះបាន ។ តាមការព្យាករណ៍របស់ធនាគារ ពិភពលោកនៅខែ មេសាឆ្នាំនេះ កំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ ២០២៤ នឹងឡើងដល់ ៥.៨% ហើយនៅឆ្នាំ ២០២៥ នឹងកើនឡើងដល់ចន្លោះ ៦.១% ។
ការអភិវឌ្ឍរបស់កម្ពុជា បានឈានចូល«យុគសម័យមាស»ក្រោមកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួតជាមួយប្រទេសចិន ដែលបានក្លាយជាគំរូនៃ កិច្ចសហប្រតិបត្តិការ រវាងប្រទេសចិននិងអាស៊ាន ។
ក្រៅពីនេះ ចិននិងអាស៊ានទទួល បានលទ្ធផលជាផ្លែផ្កាពីកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ។ ក្នុងពិព័រណ៍ចិន-អាស៊ានលើទី ២១ ដែលបាននិង កំពុងប្រព្រឹត្តទៅនៅទីក្រុងណាន នីងប្រទេសចិន សហគ្រាសចិននិង អាស៊ានបានសម្រេច ការចុះហត្ថលេខាលើ គម្រោងសហប្រតិបត្តិការចំនួន ១០៩ គម្រោងដែលពាក់ព័ន្ធនឹងវិស័យជាច្រើន ប្រការនេះនឹងជំរុញឱ្យភាគី ទាំងពីរទទួលបានផ្លែផ្កា កាន់តែច្រើននាពេលអនាគត ។

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនធ្លាប់ថ្លែងថា «មិនថាពីអតីតកាល បច្ចុប្បន្នកាល ឬអនាគតកាលនោះទេ ប្រទេសចិនគឺជាអ្នក ជិតខាងល្អ មិត្តល្អ និង ដៃគូល្អរបស់អាស៊ានជាដរាប ។» ជាការពិតណាស់ ផលប្រយោជន៍ នៃកិច្ចសហប្រតិបត្តិការ មិត្តភាពរវាងចិននិងអាស៊ាន គឺធំធេងជាងការខ្វែងគំនិតគ្នាយ៉ាងលើសលប់ ឯការប្រកៀកស្មាគ្នា ឆ្ពោះទៅ រកការអភិវឌ្ឍនិង វិបុលភាពរួម និងការកសាងសហគមន៍ ជោគវាសនា រួមដែលកាន់តែស្អិតល្មួតជាបំណង ប្រាថ្នារួមរបស់ប្រជាជន នៃភាគីទាំងពីរ ហើយមុខជានឹងសម្រេចបានជាមិនខាន ៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top