ព័ត៌មានអន្តរជាតិ

អាមេរិក ពិតជាអ្នកនៅពីក្រោយ ក្រុមប្រឆាំងវៀតណាម ដែលគ្រោងតវ៉ាពេលលោក To Lam ទៅញូវយ៉ក?

លោក To Lam ប្រធានាធិបតី និងជាអគ្គលេខាធិការ គណបក្សកុម្មុយនីស្ដវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល ស្ដីពីអនាគតរបស់អង្គការសហប្រជាជាតិ និងចូលរួមមហាសន្និបាតលើកទី៧៩ របស់អង្គការសហប្រជាជាតិនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកហើយក៏នឹងមានទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសគុយបាផងដែរ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ ការធ្វើទស្សនកិច្ចទៅកាន់ប្រទេសគុយបា តបតាមការអញ្ជើញរបស់លេខាទី១ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដគុយបា និងជាប្រធានាធិបតីគុយបាលោក Miguel Diaz Canel Bermudez។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ ក្រសួងការបរទេសវៀតណាមចេញកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។
 
ការធ្វើដំណើរទៅក្រៅប្រទេស ដើម្បីចូលរួមកិច្ចប្រជុំសំខាន់ៗ ឬធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសណាមួយ គឺជារឿងធម្មតាសម្រាប់មេដឹកនាំរដ្ឋ នីមួយៗនិយាយជារួម និងសម្រាប់ថ្នាក់ដឹកនាំវៀតណាមនិយាយដោយឡែក។ ប៉ុន្ដែអ្វីដែលខុសពីធម្មតាសម្រាប់ ដំណើរទៅទីក្រុងញូវយ៉ក របស់មេដឹកនាំវៀតណាមលើកនេះ គឺអាចប្រឈមនឹងចលនាតវ៉ាពីសំណាក់ ពលរដ្ឋវៀតណាមដែលជាក្រុមប្រឆាំងរស់នៅទីនោះ។

បើតាមសារផ្សព្វផ្សាយលើបណ្ដាញអ៊ីនធឺណេត ពលរដ្ឋវៀតណាមមាននិន្នាការប្រឆាំងរស់នៅអាមេរិក បានជូនដំណឹងពីការកៀរគរមនុស្ស មកចូលរួមការតវ៉ាប្រឆាំងនឹងលោក To Lam នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នៅទីក្រុងញូវយ៉កផ្ទាល់តែម្ដង ចាប់ពីម៉ោង១រសៀលដល់ម៉ោង៣រសៀលម៉ោងក្នុងតំបន់។ ការប្រកូកប្រកាសដូច្នេះ ក្នុងបំណងស្វែងរកកម្លាំងចូលរួមឱ្យបានច្រើន ពីសំណាក់ពលរដ្ឋវៀតណាមនៅក្រៅប្រទេស ដើម្បីប្រឆាំងនឹងលោក To Lam ដែលពួកគេចោទថា ជាអ្នកបញ្ជាឱ្យគាបសង្កត់យ៉ាងឃោឃៅលើជនស្លូតត្រង់ សកម្មជន និងអ្នកកាសែតឯករាជ្យជាច្រើនរូប នៅក្នុងប្រទេសវៀតណាម ដោយគ្រាន់តែពួកគេប្រើសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ។
 
ក្រុមប្រឆាំងវៀតណាមនៅក្រៅប្រទេស បានអំពាវនាវឱ្យប្រជាជនដែលស្រឡាញ់សេរីភាព និងលទ្ធិប្រជាធិបតេយ្យត្រូវតែនិយាយឱ្យខ្លាំងៗ លាតត្រដាងនូវសិទ្ធិអំណាចផ្ដាច់ការ និងភាពឃោរឃៅរបស់លោក To Lam ឱ្យពិភពលោកបានដឹង ខណៈដែលលោកមានវត្ដមាននៅក្នុង មហាសន្និបាតអង្គការសហប្រជាជាតិ។
 
ការប្រមូលកម្លាំងមកចូលរួមប្រឆាំងមេដឹកនាំ វៀតណាមនៅក្រៅប្រទេសគឺ ពិតជារឿងដ៏កម្របំផុតមួយ។ ដូច្នេះ តើផែនការនេះអាចមាននរណានៅពីក្រោយខ្នងឬទេ?
 
តាមដំណឹងផ្សព្វផ្សាយលើបណ្ដាញអ៊ីនធឺណេត កម្លាំងប្រឆាំងវៀតណាមនឹងទទួលខុសត្រូវក្នុងការរៀបចំ និងអនុវត្ដសកម្មភាពហែក្បួន ដោយមានការចូលរួមពីគណបក្ស Viet New Party, អង្គការ Boat People SOS (BPSOS), ក្រុមជនជាតិដើមភាគតិចម៉ុងតាញ៉ា, អង្គការបងប្អូនដើម្បីប្រជាធិបតេយ្យ(Brotherhood of Democracy)។ ក្រៅពីនេះក្រុមប្រឆាំងវៀតណាមនៅក្រៅប្រទេស ក៏ត្រូវបានគាំទ្រដោយអង្គការជំនួយជាតិ ដើម្បីប្រជាធិបតេយ្យ(National Endowment for Democracy), ក្រុមសេរីភាពសាសនា និងក្រុមសិទ្ធិមនុស្ស (SAINT) នៅអាមេរិកផងដែរ។

យើងចាប់អារម្មណ៍ពីសមាសភាព នៃក្រុមដែលប្រឆាំងវៀតណាមនិងអង្គការគាំទ្រ ដូចជា អង្គការ Boat People SOS (BPSOS) ជាក្រុមប្រឆាំងដែលមានមនុស្សភាគច្រើន ជាអ្នកធ្លាប់ជាប់ពន្ធនាគារដោយសារតែ ការសម្របសម្រួលការប្រមូលផ្ដុំ នៅក្នុងប្រទេសវៀតណាមកន្លងមក។ អង្គការនេះមានស្នាក់ការនៅរដ្ឋ Virginia សហរដ្ឋអាមេរិក។ បេសកកម្មរបស់ BPSOS គឺដើម្បីផ្ដល់អំណាច និងរៀបចំចាត់ចែងឱ្យបុគ្គល ក៏ដូចជាសហគមន៍វៀតណាមស្វែងរកសេរីភាព និងសេចក្ដីថ្លៃថ្នូរបស់ពួកគេ។
 
ចំពោះក្រុមជនជាតិដើមភាគតិចម៉ុងតាញ៉ា គឺជាក្រុមដែលធ្លាប់បានប្រឆាំង រដ្ឋាភិបាលវៀតណាមដើម្បីទាមទារសិទ្ធិសេរីភាព និងទទូចឱ្យបញ្ឈប់ការអំពើហិង្សា ក៏ដូចជាការរំលោភបំពានរយៈពេលជិត ៥ទសវត្សមកលើពួកគេ។ កាលពីអំឡុងឆ្នាំ២០២៣ ក្រុមនេះក៏ធ្លាប់បានធ្វើបាតុកម្មនៅអាមេរិក ដើម្បីទាមទារសិទ្ធិសេរីភាពសម្រាប់ ជនជាតិដើមភាគតិចនៅវៀតណាមផងដែរ។
 
រីឯអង្គការ បងប្អូនដើម្បីប្រជាធិបតេយ្យ គឺជាអង្គការត្រូវបានបង្កើតឡើងដោយលោក Nguyen Van Dai ក្នុងឆ្នាំ២០១៣។ លោក Dai ក៏ជាសកម្មជនបានបង្កើតគណៈកម្មការសិទ្ធិមនុស្សនៅវៀតណាម និងត្រូវបានចាប់ខ្លួននៅឆ្នាំ២០១៥ ពីបទឃោសនាប្រឆាំងរដ្ឋ។ ក្រោយត្រូវបានដោះលែងលោក បានស្វែងរកសិទ្ធិជ្រកកោននៅបរទេស ដើម្បីបន្ដសកម្មភាពរិះគន់ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងវៀតណាម។ នៅសហរដ្ឋអាមេរិកអង្គការមួយនេះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយមន្ដ្រីអាមេរិកជាច្រើនរូប ហើយទូតអាមេរិកនីមួយៗ មុននឹងបំពេញបេសកកម្មទៅវៀតណាម ពួកគេតែងជួបជាមួយក្រុមប្រឆាំងវៀតណាម នៅក្រៅប្រទេសទាំងនេះសិន។ ឧទាហរណ៍ដូចជា លោក Ted Osius អតីតអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម ពីឆ្នាំ២០១៤-២០១៧។
 
ទាក់ទងនឹងអង្គការជំនួយជាតិដើម្បីប្រជាធិបតេយ្យ ដែលជាអ្នកគាំទ្រដល់ក្រុមប្រឆាំងវៀតណាម ជាអង្គការមិនមែនរដ្ឋាភិបាលនៅអាមេរិក បង្កើតឡើងក្នុងឆ្នាំ១៩៨៣ ក្នុងគោលបំណងជំរុញលទ្ធិប្រជាធិបតេយ្យ នៅទូទាំងពិភពលោក តាមរយៈការលើកកម្ពស់ស្ថាប័ននយោបាយ និងសេដ្ឋកិច្ចដូចជាក្រុមអ្នកនយោបាយ សហជីព និងក្រុមធុរកិច្ចជាដើម។ នៅមានអង្គការគាំទ្រក្រុមប្រឆាំងវៀតណាម នៅក្រៅប្រទេសផ្សេងៗទៀត ក៏សុទ្ធតែពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក។

បញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ គឺជាប្រធានបទដែលអាមេរិកតែងផ្ដោតយកចិត្ដទុកដាក់ និងបានប្រើគ្រប់មធ្យោបាយគាំទ្រ ដល់ក្រុមប្រឆាំងរដ្ឋាភិបាលបរទេស ឱ្យពួកគេធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលខ្លួនឯង ក្រោមហេតុផលស្ដារបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។ ដូច្នេះ វាមិនចម្លែកទេដែលក្រុមប្រឆាំងវៀតណាមនៅក្រៅប្រទេស ត្រូវបានគេអះអាងថាមានអាមេរិកជាបង្អែក ព្រោះអាមេរិកតែងជួយជ្រោមជ្រែក ហើយរាល់សកម្មភាពរបស់ពួកគេគឺ មានទំនាក់ទំនងជាមួយអាមេរិក។ ក្នុងឋានៈជាមហាអំណាចពិភពលោក គោលដៅអាមេរិកគឺចង់ប្រើប្រាស់ ក្រុមប្រឆាំងឱ្យចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ឬចោទប្រកាន់ទៅលើរដ្ឋាភិបាលប្រទេសណា ដែលមិនព្រមអនុវត្ដតាមការចង់បានរបស់ខ្លួន ក្នុងនោះមានវៀតណាមជាអាទិ៍។ ករណីនេះកម្ពុជាក៏ធ្លាប់ជួបដូចគ្នា ពិសេសនៅពេលកម្ពុជាមានទំនាក់ទំនងល្អជាមួយចិន។ មហិច្ឆតារបស់អាមេរិកគឺ ដើម្បីបម្រើភូមិសាស្ដ្រនយោបាយរបស់ខ្លួន ខណៈចិនជាគូប្រជែងដ៏ធំរបស់អាមេរិក កំពុងបង្ហាញឥទ្ធិពលនៅក្នុងតំបន់។
 
ម្យ៉ាងវិញទៀត ថ្មីៗនេះកម្ពុជាក៏បានប្រឈមនឹង ការធ្វើបាតុកម្មតវ៉ាពីសំណាក់ក្រុមប្រឆាំង ជ្រុលនិយមនៅក្រៅប្រទេសដែរ ដូចជានៅជប៉ុននិងកូរ៉េខាងត្បូង ដែលមានអ្នកនយោបាយប្រឆាំងចាំគាំទ្រ។ នោះគឺជាបាតុកម្មប្រឆាំង នឹងកិច្ចសហប្រតិបត្ដិការតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជាឡាវ វៀតណាម(CLV-DTA)។ ទោះបីរាជរដ្ឋាភិបាលបានព្យាយាម បកស្រាយយ៉ាងណាក៏ដោយ ក្រុមជ្រុលនិយមនៅក្រៅប្រទេសនៅតែមិនទទួលយក និងបន្ដចោទប្រកាន់ដោយគ្មានភស្ដុតាង មកលើរាជរដ្ឋាភិបាលថា គម្រោងនេះនឹងធ្វើឱ្យបាត់បង់ទឹកដី។ ទីបំផុត រាជរដ្ឋាភិបាលកម្ពុជាក៏សម្រេចដកខ្លួន ចេញពីកិច្ចសហប្រតិបត្ដិការនេះ ដើម្បីកុំឱ្យក្រុមប្រឆាំងទាំងនោះ មានលេសយកមកវាយប្រហារ និងអូសទាញពលរដ្ឋខ្មែរក្នុងស្រុកតទៅទៀត។ ការណ៍នេះក៏អាចឆ្លុះបញ្ចាំងទៅនឹង សកម្មភាពក្រុមប្រឆាំងវៀតណាមនៅក្រៅប្រទេស ដែលពួកគេតែងចោទប្រកាន់លើរដ្ឋាភិបាលវៀតណាម ព្រោះតែមានបរទេសជាខ្នងបង្អែក ពោលគឺសហរដ្ឋអាមេរិកនេះឯង។
 
ជារួម អាមេរិកដែលតាំងខ្លួនជាបិតាប្រជាធិបតេយ្យ តែងចង់សាបព្រោះប្រជាធិបតេយ្យ ទៅក្នុងគ្រប់ប្រទេសទូទាំងពិភពលោក។ ប៉ុន្ដែការបណ្ដុះផ្នត់គំនិតប្រជាធិបតេយ្យខុសកន្លែង ក៏អាចបង្កជាក្ដីវិនាសទៅវិញ ហើយកាន់តែធ្ងន់ធ្ងរដែលយក ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ទៅនិយាយក្នុងប្រទេសកុម្មុយនីស្ដដូចជាវៀតណាម។ បទពិសោធធ្លាប់កើតឡើង នៅមជ្ឈិមបូព៌ាអាចជាមេរៀន គឺព្រោះតែការចង់ពង្រីកប្រជាធិបតេយ្យរបស់អាមេរិក បានធ្វើឱ្យតំបន់នេះត្រូវធ្លាក់ក្នុងភ្លើងសង្គ្រាម តាំងពីអតីតកាលរហូតមកដល់ បច្ចុប្បន្ននៅតែមិនទាន់បញ្ចប់ ៕

អ្នកនិពន្ធ: ឈឹម រដ្ឋា (TVK)
ប្រភព៖ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានវៀតណាម និងអត្ថបទវិភាគបណ្តាញសង្គម

To Top