ព័ត៌មានអន្តរជាតិ

លោក ពូទីន ៖ រុស្ស៊ី រក្សាសិទ្ធិ ក្នុងការប្រើប្រាស់ អាវុធនុយក្លេអ៊ែរ ក្នុងករណីមានការឈ្លានពាន

AFP

ម៉ូស្គូ ៖ កាលពីថ្ងៃពុធ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី បានថ្លែងថា ប្រទេសរុស្ស៊ីរក្សាសិទ្ធិក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងករណីមានការឈ្លានពាន ណាមួយមែននោះ ។
លោក ពូទីន បានថ្លែងដូច្នេះនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីការទប់ស្កាត់នុយក្លេអ៊ែរ ដោយបញ្ជាក់ថា លក្ខខណ្ឌបែបនេះរួមមាន “ប្រសិនបើសត្រូវ ប្រើប្រាស់អាវុធធម្មតា បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ” ចំពោះអធិបតេយ្យភាពរបស់រុស្ស៊ីនោះ ។

នៅក្នុងកិច្ចប្រជុំនេះដែរ លោក ពូទីន បានអំពាវនាវឱ្យធ្វើបច្ចុប្បន្នភាពមូលដ្ឋានគ្រឹះនៃគោលនយោបាយរដ្ឋរបស់រុស្ស៊ី ស្តីពីការទប់ស្កាត់នុយក្លេអ៊ែរ ដោយបានលើកឡើងទៀតថា វាត្រូវតែសម្របតាមការពិតនៃបច្ចុប្បន្ននេះ ។

លោក ពូទីន បានធ្វើការកត់សម្គាល់ថា ការឈ្លានពានប្រឆាំងនឹងរុស្ស៊ី ដោយរដ្ឋណាមួយ ដែលមិនមែនជានុយក្លេអ៊ែរ ប៉ុន្តែដោយមានការចូលរួម ឬការគាំទ្រពីរដ្ឋនុយក្លេអ៊ែរ ត្រូវបានស្នើឱ្យចាត់ទុកថា ជាការវាយប្រហាររួមគ្នារបស់ពួកគេមកលើប្រទេសរុស្ស៊ី ។

លោកបានថ្លែងទៀតថា រុស្ស៊ី នឹងពិចារណាលើការ ប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅពេលទទួលបានព័ត៌មាន ដែលអាចទុកចិត្តបានអំពីការ បាញ់បង្ហោះអាវុធវាយប្រហារលើលំហអាកាសទ្រង់ទ្រាយធំ រួមទាំងយន្តហោះយុទ្ធសាស្ត្រ ឬយុទ្ធសាស្ត្របំពាក់គ្រាប់មីស៊ីល យន្តហោះគ្មានមនុស្សបើក យន្តហោះលែលលឿនជាងសំឡេង និងយន្តហោះផ្សេងទៀត ឆ្លងកាត់ព្រំដែនរបស់ប្រទេសរុស្ស៊ី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top