ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk គ្រោងបណ្តាក់ទុក ១៥ពាន់លានដុល្លារ ក្នុងប្រទេសវៀតណាម

AFP

បរទេស៖ រដ្ឋាភិបាលនៃប្រទេសអាស៊ីអាគ្នេយ៍ បាននិយាយថា ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk កំពុងស្នើសុំវិនិយោគក្នុងទំហំទឹកប្រាក់ ១៥ពាន់លាននៅក្នុងប្រទេសវៀតណាម ដែលភ្ជាប់ទៅនឹងសេវាផ្កាយរណប Starlink របស់ខ្លួននាពេលខាងមុខ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងញូវយ៉ក រវាងប្រធានាធិបតីវៀតណាមលោក To Lam និងលោក Tim Hughes អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន SpaceX សម្រាប់ធុរកិច្ចសកល និងកិច្ចការរដ្ឋាភិបាល ។

លោក Lam ប្រធានាធិបតីវៀតណាម ដែលកំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “រដ្ឋាភិបាលវៀតណាម កំពុងពិចារណាលើសំណើ (ការវិនិយោគ) របស់ SpaceX” ។

លោក Lam បានស្នើឱ្យក្រុមហ៊ុន SpaceX ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ក្នុងប្រទេសវៀតណាម ដើម្បីបញ្ចប់ ការរៀបចំមុន ការវិនិយោគ ប្រកបដោយប្រសិទ្ធភាព ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ នៅលើគេហទំព័រ របស់រដ្ឋសភា របស់ប្រទេសវៀតណាម ។

មិនមានព័ត៌មានលម្អិតបន្ថែមត្រូវបានផ្តល់ឱ្យនោះទេ។ SpaceX មិនបានឆ្លើយតបភ្លាមៗ ចំពោះអ៊ីមែលដែលស្វែងរកការអត្ថាធិប្បាយ បន្ទាប់ពីម៉ោងធ្វើការធម្មតារបស់សហរដ្ឋអាមេរិកនោះទេ។ មន្ត្រីរដ្ឋាភិបាលក្នុងប្រទេសវៀតណាម ក៏មិនអាចសុំការអធិប្បាយបានភ្លាមៗនោះដែរ។

រដ្ឋាភិបាលវៀតណាមបាននិយាយ កាលពីឆ្នាំមុនថា ក្រុមហ៊ុន SpaceX ចាប់អារម្មណ៍ក្នុងការផ្តល់ឱ្យប្រទេស នូវសេវាកម្មផ្កាយរណបគន្លងផែនដី ទាបរបស់ខ្លួន។ កាលពីដើមឆ្នាំនេះ Reuters បានរាយការណ៍ថា ផែនការទាំងនោះត្រូវបានផ្អាកទៅវិញ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top