ព័ត៌មានអន្តរជាតិ

ចិន និងសហភាពអឺរ៉ុប គួរតែបង្កើនការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការ

Xinhua

ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានជួបជាមួយលោក Josep Borrell អ្នកតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប សម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ នៅខាងក្រៅសម័យប្រជុំលើកទី៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។

លោក វ៉ាង យី ដែលជាសមាជិកនៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានសម្តែងការពេញចិត្ត ចំពោះការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់លោក Borrell ក្នុងនាមជាអ្នកការទូតកំពូលរបស់អឺរ៉ុប លើការលើកកម្ពស់ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

លោកបានលើកឡើងថា ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងសហភាពអឺរ៉ុបផ្តល់ផលប្រយោជន៍ ដល់ភាគីទាំងសងខាង និងស្របតាមផលប្រយោជន៍ជាមូលដ្ឋាន និងយូរអង្វែងរបស់ពួកគេ ព្រមទាំងបំពេញតាមការរំពឹងទុក របស់សហគមន៍អន្តរជាតិ។

លោកបានបន្ដថា នៅក្នុងពិភពលោក ដែលត្រូវបានសម្គាល់ដោយភាពចលាចល និងបញ្ហាប្រឈមដែលទាក់ទងគ្នា ប្រទេសចិន និងសហភាពអឺរ៉ុបគួរតែបង្កើន ការជឿទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ គោរព និងរៀនសូត្រពីគ្នាទៅវិញទៅមក ហើយរួមចំណែកដល់ស្ថិរភាព នៃស្ថានភាពអន្តរជាតិ និងតំបន់ និងការអភិវឌ្ឍន៍ និងវឌ្ឍនភាពរបស់មនុស្សជាតិ។ 

លោក បានបន្ដទៀតថា គេសង្ឃឹមថា អឺរ៉ុបនឹងប្រកាន់ខ្ជាប់នូវ ស្វ័យភាពជាយុទ្ធសាស្ត្ររបស់ខ្លួន លុបបំបាត់ការជ្រៀតជ្រែកពីខាងក្រៅ និងជំរុញឱ្យមានស្ថិរភាព និងការអភិវឌ្ឍន៍ទំនាក់ទំនងចិន-សហភាពអឺរ៉ុប។

ចំណែកលោក Borrell បានលើកឡើងថា ការកើនឡើងរបស់ប្រទេសចិន គឺជានិន្នាការប្រវត្តិសាស្ត្រ ដែលមិនអាចបញ្ឈប់បាន។  ចិន​ជា​ប្រទេស​ខ្លាំង​មួយ​រួច​ទៅ​ហើយ ហើយ​នឹង​បន្ត​រីកចម្រើន​កាន់តែខ្លាំង​ជាង​មុន។  ពិភពលោកត្រូវការចិន ហើយអឺរ៉ុប គួរតែពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top