បរទេស៖ ទីក្រុងប៉េកាំងបានបាញ់សាកល្បង កាំជ្រួចមីស៊ីលឆ្លងទ្វីប (ICBM) ដោយយោធាចិនបានហៅ នេះថាជាផ្នែកមួយនៃការហ្វឹកហ្វឺនប្រចាំឆ្នាំជាទម្លាប់ ទោះបីជាការបាញ់បង្ហោះទំនងជាធ្វើឡើង លើមហាសមុទ្រប៉ាស៊ីហ្វិក ជាលើកដំបូងក្នុងរយៈពេលជាង បួនទសវត្សរ៍មកហើយក៏ដោយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមមន្ត្រីចិន មីស៊ីលផ្លោង ICBM ដែលបំពាក់ដោយក្បាលគ្រាប់នេះ ត្រូវបានបាញ់បង្ហោះចេញពីទីតាំង ដែលមិនបានបញ្ជាក់នៅម៉ោង ៨៖៤៤នាទី ព្រឹកថ្ងៃពុធ ហើយបានធ្លាក់ចូលទៅក្នុងតំបន់ ដែលបានកំណត់នៅក្នុងដែនទឹកអន្តរជាតិ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ របស់ប្រទេសចិនបាននិយាយថា ការបាញ់បង្ហោះនេះគឺជាផ្នែកមួយនៃ “ការរៀបចំជាទម្លាប់នៅក្នុងផែនការ បណ្តុះបណ្តាលប្រចាំឆ្នាំរបស់យើង” ។
ក្រុមអ្នកវិភាគបានលើកឡើងថា មីស៊ីលផ្លោង ICBM ដែលត្រូវបានសាកល្បងកាលពីថ្ងៃពុធ ទំនងជា មីស៊ីលប្រភេទ Dong Feng-41 ដែលមានចម្ងាយប្រតិបត្តិការរហូតដល់ ១៥.០០០ គីឡូម៉ែត្រ ឬជំនាន់មុនគឺ Dong Feng-31 ។
ប្រទេសចិនតែងតែធ្វើតេស្ត គ្រាប់រ៉ុក្កែតរយៈចម្ងាយជិត និងមធ្យមនៅក្នុងទឹកដីរបស់ខ្លួន និងពីលើដែនទឹកនៅប៉ាស៊ីហ្វិកខាងលិច ដែលជាផ្នែកមួយនៃកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួន ប៉ុន្តែការសាកល្បងដែលឆ្ងាយ ដល់ដែនទឹកអន្តរជាតិគឺខុសពីធម្មតា។ ការបាញ់បង្ហោះស្រដៀងគ្នាចុងក្រោយនេះ ត្រូវបានគេជឿថាមាននៅក្នុងឆ្នាំ ១៩៨០ នៅពេលដែលប្រទេសចិនបានបញ្ជូនមីស៊ីល ICBM ដែលបានអភិវឌ្ឍដំបូងរបស់ខ្លួនគឺ Dong Feng-5 ទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក ៕
ប្រែសម្រួលៈ ណៃ តុលា