ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ទទួលបានជំនួយយោធា ជិត៩ពាន់លានដុល្លារ ពីសហរដ្ឋអាមេរិក

RT News

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ក្រសួងការពារជាតិ អ៊ីស្រាអែល បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក បានផ្តល់ជំនួយយោធា ចំនួន៨,៧ពាន់លានដុល្លារដល់អ៊ីស្រាអែល ដែលភាគច្រើននឹងត្រូវ ប្រើប្រាស់ដើម្បីបញ្ចូលទឹក ប្រាក់ក្នុងស្តុកការពារដែនអាកាស ដែលត្រូវបាត់បង់កន្លង មករបស់ប្រទេសនេះ។

គេសង្កេតឃើញដែរថាកញ្ចប់នេះ រួមមាន៣,៥ ពាន់លានដុល្លារ ដែលអ៊ីស្រាអែលបានទទួលរួចហើយ ហើយទុកសម្រាប់ ការបញ្ជាទិញដ៏សំខាន់ និង ៥,២ ពាន់លានដុល្លារ សម្រាប់ប្រព័ន្ធការពារមីស៊ីល Iron Dome ប្រព័ន្ធមីស៊ីលពីដីទៅអាកាស David’s Sling និង ប្រព័ន្ធការពារឡាស៊ែរដែលមាន ថាមពលខ្ពស់នាពេលបច្ចុប្បន្នផងដែរ។

ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីអគ្គនាយក នៃក្រសួងការពារជាតិ អ៊ីស្រាអែល លោក Eyal Zamir បានជួបជាមួយអនុរដ្ឋមន្ត្រីក្រសួង ការពារជាតិ សហរដ្ឋអាមេរិក សម្រាប់គោលនយោបាយ Amanda Dory នៅមន្ទីរប៉ង់តាហ្គោន កាលពីព្រឹកថ្ងៃព្រហស្បតិ៍។

មន្ទីរបញ្ចកោណបាន ទទួលស្គាល់កិច្ចប្រជុំនេះ ប៉ុន្តែមិនបាននិយាយអ្វីអំពីការ ពិភាក្សាណាមួយអំពីជំនួយយោធាទេហើយ ថវិកាសម្រាប់កញ្ចប់នេះទំនង ជាបានមកពីកញ្ចប់ជំនួយ បរទេសសរុបចំនួន៩៥ពាន់លានដុល្លារ ដែលចុះហត្ថលេខា ដោយប្រធានាធិបតីអាមេរិក Joe Biden កាលពីខែមេសា។

គួរឲ្យដឹងដែរថាថវិកាទាំងនោះ ក៏ត្រូវបានបែងចែកប្រមាណជា១៤,៥ ពាន់លានដុល្លារ សម្រាប់អ៊ីស្រាអែល ដោយបន្ថែមពីលើជំនួយ យោធាប្រចាំឆ្នាំ ប្រហែល៣ពាន់លានដុល្លារ ដែលសហរដ្ឋអាមេរិក ផ្តល់ឱ្យរដ្ឋជ្វីហ្វរួចហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top