វ៉ាស៊ីនតោន៖ អ្នកជំនាញបាននិយាយថា ប្រទេសចិនជ្រើសរើសមហាសមុទ្រប៉ាស៊ីហ្វិក ជាទីតាំងសម្រាប់ការបាញ់ សាកល្បងមីស៊ីលផ្លោងរបស់ខ្លួន ជាការបង្ហាញពីការកើនឡើង នៃសមត្ថភាពនុយក្លេអ៊ែរ និងជាការព្រមានដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Steve Tsang នាយកវិទ្យាស្ថាន SOAS China នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បាននិយាយថា “មិនមានទស្សនិកជនដែលមាន សក្តានុពលផ្សេងទៀតទេ ដោយសារប្រទេសចិនមិនរំពឹងថា នឹងមានការប្រឈមមុខជាមួយ EU ឬចក្រភពអង់គ្លេស” ។
ការសាកល្បងនេះក៏កើតមានប៉ុន្មានសប្តាហ៍ មុនការហៅទូរស័ព្ទដែលរំពឹងទុក រវាងមេដឹកនាំចិនលោក Xi Jinping និងប្រធានាធិបតីអាមេរិក Joe Biden។ វាបង្ហាញពីការកើនឡើងនៃភាពតានតឹង ផ្នែកសន្តិសុខក្នុងតំបន់ជាមួយសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីន និងការបន្តការប៉ះទង្គិចជាមួយកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំងអះអាងថាជាទឹកដីរបស់ខ្លួន។
ក្រសួងការពារជាតិកោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃពុធថា ខ្លួនកំពុងតាមដានការបាញ់មីស៊ីលនេះ រួមជាមួយនឹងសមយុទ្ធយោធាផ្សេងទៀត ដោយប្រទេសចិននៅក្នុងតំបន់។
ចំណែកលោក Drew Thompson សាស្ត្រាចារ្យជាន់ខ្ពស់នៅសាលា S. Rajaratnam School of International Studies ក្នុងប្រទេសសិង្ហបុរី និងជាអតីតមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បាននិយាយថា ការបាញ់បង្ហោះមីស៊ីលផ្លោងរបស់ចិននេះ ស្របពេលនឹងកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក “គឺជាសញ្ញាមិនច្បាស់” ចំពោះសណ្តាប់ធ្នាប់អន្តរជាតិ។
លោកបាននិយាយថា “ប្រទេសចិនកំពុងផ្តល់សញ្ញាថា ការអត់ធ្មត់របស់ខ្លួនមានដែនកំណត់ ហើយថា ខ្លួនបានត្រៀមខ្លួនដើម្បីប្រើប្រាស់អាវុធដ៏មាន ឥទ្ធិពលបំផុតរបស់ខ្លួនដើម្បីរារាំងសត្រូវ ឬដាក់ទណ្ឌកម្មពួកគេប្រសិនបើចាំបាច់ ប្រសិនបើការរារាំងមិនបានសម្រេច” ៕
ប្រែសម្រួលៈ ណៃ តុលា