បរទេស៖ មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិករាយការណ៍ថា ខ្យល់ព្យុះសង្ឃរា ហេលេន ដែលបក់បោកមកលើដីកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយវាយលុកភាគពាយ័ព្យនៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ជាព្យុះប្រភេទទី ៤ ដែលមានកម្លាំងខ្លាំង ដែលគេរំពឹងថានឹងនាំមកនូវខ្យល់បក់បោក និងទឹកជំនន់ភ្លាមៗទៅកាន់ផ្នែកខ្លះនៃរដ្ឋដែលទំនាប។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិក NHC បាននិយាយថា ខ្យល់ព្យុះសង្ឃរា ហេលេន បានមកដល់ច្រាំងសមុទ្រនៅម៉ោងប្រហែល ១១៖១០ នាទីយប់ម៉ោងក្នុងស្រុកនៅក្នុងតំបន់ “Big Bend” នៃឆ្នេរសមុទ្រភាគខាងលិចនៃរដ្ឋ ផ្លរីដា ជាមួយនឹងកម្លាំងខ្យល់អតិបរមា ២២៥ គីឡូម៉ែត្រក្នុងមួយម៉ោង។
មជ្ឈមណ្ឌលខ្យល់ព្យុះបានហៅ ព្យុះ ហេលេន នេះថា ជាព្យុះ “គ្រោះថ្នាក់បំផុត និងគំរាមកំហែងដល់អាយុជីវិត” ហើយបានជំរុញឱ្យប្រជាជនស្នាក់នៅទីជម្រកនៅពេលដែលព្យុះនេះឆ្លងកាត់។
អ្នកព្យាករណ៍បាននិយាយថា ឥទ្ធិពលនៃរលកព្យុះ ខ្យល់ និងភ្លៀងនឹងអូសបន្លាយពីចំណុចកណ្តាលនៃព្យុះ ជាពិសេសទៅភាគខាងកើត។ ការព្រមានពីព្យុះត្រូពិចបានចូលជាធរមានសម្រាប់ភាគខាងត្បូងហ្សកហ្ស៊ី ក៏ដូចជាភាគច្រើននៃភាគខាងជើងនៃរដ្ឋផ្លរីដា ហើយការព្រមានអំពីព្យុះត្រូពិចបានបន្តចូលទៅក្នុងរដ្ឋ Carolinas ។
អភិបាលរដ្ឋផ្លរីដា លោក Ron DeSantis បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នសម្រាប់សង្កាត់ចំនួន ៦៧ របស់រដ្ឋផ្លរីដា រួមទាំងទីក្រុង Miami-Dade ផងដែរ។ លោកក៏បានចល័តឆ្មាំជាតិ និងដាក់បុគ្គលិករាប់ពាន់នាក់ ដើម្បីរៀបចំសម្រាប់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះដែលអាចកើតមាន និងការស្តារថាមពលឡើងវិញ៕
ប្រែសម្រួលៈ ណៃ តុលា