កាលពី ២១ ឆ្នាំមុន ពិព័រណ៏អាស៊ាន-ចិន ត្រូវបានបង្កើតឡើង នៅទីក្រុងណាននីង ភូមិភាគស្វយ័តក្វាងស៊ី ប្រទេសចិន ដើម្បីឆ្លើយតបនឹងនិន្នាការ នៃសកលភាវូបនីយកម្មសេដ្ឋកិច្ច និងសមាហរណកម្ម សេដ្ឋកិច្ចក្នុងតំបន់ ។ នាពេលបច្ចុប្បន្ន ពិព័រណ៍មួយនេះបានវិវត្តន៍ ខ្លួនទៅជាវេទិកាតំបន់ដ៏មានឥទ្ធិពល សម្រាប់ការពង្រឹង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការសម្របសម្រួលលំហូរ ពាណិជ្ជកម្មឆ្លងប្រទេស។
តាមរយៈពិព័រណ៍នេះ ធុរជនមកពីតំបន់ទាំងពីរអាចតភ្ជាប់ទំនាក់ទំនង ពង្រីកទីផ្សារផលិតផល បង្កើតភាពជាដៃគូយូរអង្វែង និងស្វែងរកកាលានុវត្តន៍ភាពថ្មី ក្នុងការពង្រឹង កិច្ចសហ្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ នៅឆ្នាំនេះ ក្រុមហ៊ុនប្រមាណ ជាង ២,០០០ បានចូលរួមការតាំងពិរព័រណ៍អាស៊ាន-ចិន ក្រោមមូលបទ «ការប្រកាន់ខ្ជាប់នូវមិត្តភាព ភាពស្មោះត្រង់ ផលប្រយោជន៍ទៅវិញទៅមក និងបរិយាប័ន្ន សម្រាប់ការអភិវឌ្ឍរួម» និងដាក់បង្ហាញផលិតផល និងរបកគំហើញថ្មីៗ លើវិស័យនានារួមមាន៖ សេដ្ឋកិច្ចឌីជីថល យានយន្តប្រើប្រាស់ ថាមពលបង្កើតថ្មី និងបច្ចេកវិទ្យាបញ្ចេញកាបូនទាបជាដើម។
លើសពីការដាក់តាំង ផលិតផល វេទិកាប្រចាំឆ្នាំមួយនេះ ក៏បានផ្តល់កាលានុវត្តន៍ថ្មីៗ ដល់ថ្នាក់ដឹកនាំ និងអ្នកធ្វើគោល នយោបាយ មកពីតំបន់ទាំងពីរ អាចចូលរួមក្នុងកិច្ចសន្ទនា និងផ្លាស់ប្តូរទស្សនៈគ្នា លើការធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការពហុវិស័យរួមមាន៖ សេដ្ឋកិច្ច នយោបាយ និងបចេ្ចកវិទ្យា។ ជាក់ស្តែងថ្នាក់ដឹកនាំចិន និងបរទេស មន្ត្រីរដ្ឋាភិបាល សហគ្រិន អ្នកប្រាជ្ញ និងអ្នកតំណាង មកពីអង្គការអន្តរជាតិប្រមាណជាង ១,១០០ នាក់ បានអញ្ជើញចូលរួម ពិធីបើកនៃពិព័រណ៍នេះ ហើយការជួបជុំគ្នាលើកនេះ នឹងចាក់បញ្ចូលនូវកម្លាំងជំរុញថ្មី សម្រាប់កិច្ចសន្ទនា ភាពជាដៃគូ និងកិច្ចសហការគ្នា ព្រមទាំងរួមចំណែក ដល់ការអភិវឌ្ឍ តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ ឱ្យទទួលបានលទ្ធផលថ្មីៗ ថែមទៀត ។
ខណៈពិភពលោកកំពុង ប្រឈមមុខនឹងកំណើនយឺត ភាពតានតឹង នៃភូមិសាស្ត្រនយោបាយ និងគោលនយោយបាយ គាំពារនិយម ពិព័រណ៍អាស៊ាន-ចិនបានបន្តដើរតួនាទី ជាយន្តការដ៏មានសារៈសំខាន់ ក្នុងការគាំទ្រដល់ការធ្វើពាណិជ្ជកម្មសេរី និងសកលភាវូបនីយកម្ម ។ ជាក់ស្តែង ប្រទេសចិនក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុត របស់អាស៊ានរយៈពេល ១៥ ជាប់គ្នា ហើយអាស៊ានក៏បានក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុត របស់ចិនចាប់ពីឆ្នាំ២០២០ ។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងអាស៊ានបានកើនឡើងដល់ ៦៩៦,៧ ពាន់លានដុល្លារ រីឯការវិនិយោគ ផ្ទាល់ពីបរទេសចិន ក្នងអាស៊ានបានកើនឡើង ដល់ ១៧,៣ ពាន់លានដុល្លារ នៅឆ្នាំ២០២៣ ។ តួរលេខនេះបានបញ្ជាក់យ៉ាងច្បាស់ អំពីទំនាក់ទំនងយ៉ាង ជិតស្និទ្ធរវាងតំបន់ទាំងពីរ។
ការរៀបចំជាទៀងទាត់នូវព្រឹត្តិការណ៍ប្រចាំនេះ ក៏បានអនុញ្ញាតឱ្យអាស៊ាន និងចិនអាចជំរុញកិច្ច សហប្រតិបត្តិការ របស់ខ្លួនឱ្យឈានដល់ដំណាក់កាលថ្មីមួយទៀត ក្នុងយុគសម័យថ្មី ។ ទំនើបកម្មរបស់ចិននាប៉ុន្មានឆ្នាំចុងក្រោយនេះ បាននាំមកនូវឱកាសមហាសាល សម្រាប់ពិភពលោក និងតំបន់ ជាពិសេសអាស៊ាន ដែលអាចនាំចេញទំនិញ ជាច្រើនប្រភេទរួមទាំងកសិផលទៅកាន់ទីផ្សារចិន ដែលមានប្រជាជនជាង ១,៤ ពាន់លាននាក់ ។ ជាក់ស្តែង កម្ពុជាបាននាំចេញកសិផលមួយចំនួនធំទៅកាន់ទីផ្សារចិន រួមមានដូចជាអង្ករ គ្រាប់ស្វាយចន្ទី ផ្លែមៀន ដូង កៅស៊ូ និងចេក។ល ។ ការណ៍នេះ បានអនុញ្ញាតឱ្យកម្ពុជា អាចធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន និងបង្កើតឱកាសការងារ ជាច្រើនពាន់កន្លែងដល់ប្រជាជនខ្លួន ។
ទោះបីទិដ្ឋភាព នៃពាណិជ្ជកម្មអន្តរជាតិ នាពេលខាងមុខ មានការប្រែប្រួលយ៉ាងណា ពិព័រណ៍អាស៊ាន-ចិន នៅតែជាវេទិកាមួយដ៏សំខាន់ បម្រើដល់ការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើន កិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសរវាងអាស៊ាន និងចិន ។ ឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងការជឿជាក់គ្នាទៅវិញទៅមក ជាមួយនឹងវត្តមាននៃពិព័រណ៍ អាស៊ាន-ចិន ភាគីទាំងពីរនឹងអាចរួមគ្នា កសាងសហគមន៍វាសនារួម ប្រកបដោយគុណ ភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ សំដៅនាំមកនូវប្រយោជន៍រួម ដល់ប្រជាជនតំបន់ទាំងពីរ និងបង្កើតនូវវឌ្ឍនភាព សេដ្ឋកិច្ចថ្មីៗ ដល់តំបន់ និងពិភពលោកទាំងមូល៕
ដោយ ហ៊ូ ចំរើន អ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា