វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានអបអរសាទរ អតីតប្រមុខការពារជាតិ ជប៉ុនលោក Shigeru Ishiba ដែលបានឈ្នះ ការបោះឆ្នោតជាប្រធាន គណបក្សកាន់អំណាច របស់ប្រទេសជប៉ុន ដែលកំណត់ឱ្យ លោកក្លាយជា នាយករដ្ឋមន្ត្រី បន្ទាប់របស់ប្រទេសនេះ ហើយបានសម្តែងក្តីសង្ឃឹមថានឹង “ពង្រឹងទំនាក់ទំនង កាន់តែជិតស្និទ្ធ” ជាមួយទីក្រុងតូក្យូ ។
សេតវិមានមិនទាន់ បានធ្វើអត្ថាធិប្បាយជាផ្លូវការ អំពីជ័យជម្នះ របស់លោក Ishiba នោះទេ ប៉ុន្តែឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំ ប្រទេសជប៉ុន លោក Rahm Emanuel បានដាក់ចេញនូវសេចក្តី ថ្លែងការណ៍ភ្លាមៗ នៅក្នុងសារខ្លីមួយនៅលើ X។
លោកឯកអគ្គរដ្ឋទូត ក៏បានឲ្យដឹងផងដែរថា សហរដ្ឋអាមេរិកកំពុង “ទន្ទឹងរង់ចាំធ្វើការជាមួយជប៉ុន” ដើម្បីពង្រឹង សម្ព័ន្ធភាពរបស់ខ្លួនជាមួយប្រទេសជប៉ុន ។ ក្នុងន័យស្រដៀងគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេស សហរដ្ឋអាមេរិក បានប្រាប់ឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន ចង់លើកកម្ពស់បន្ថែមទៀតនូវ “ចក្ខុវិស័យរួមរបស់យើង សម្រាប់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ” ។
លោក Ishiba សមាជិកសភាជើងចាស់ អាយុ ៦៧ ឆ្នាំនៃគណបក្ស ប្រជាធិបតេយ្យសេរី ដែលបានបម្រើការ ជារដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសជប៉ុននៅចន្លោះ ឆ្នាំ២០០៧ និង២០០៨ ត្រូវបានគេស្គាល់ដោយសារ ជំនាញរបស់លោក លើកិច្ចការសន្តិសុខ ។ លោកបានអំពាវនាវឱ្យមានសម្ព័ន្ធភាពសន្តិសុខ ដែលមានតុល្យភាពជាងនេះទៀតរវាងប្រទេសទាំងពីរ និងបានតស៊ូមតិជាកំណែ ទម្រង់អាស៊ីរបស់អង្គការអូតង់។
ក៏ជាអតីតរដ្ឋមន្ត្រីក្រសួង កសិកម្មផងដែរ លោកបានកាន់ មុខតំណែងសំខាន់ៗ របស់គណបក្សចាប់ តាំងពីចូលសភា ក្នុងឆ្នាំ១៩៨៦ ។ នៅក្នុងការប៉ុនប៉ងលើកទី៥ របស់លោក ហើយនៅទីបំផុតលោក Ishiba ត្រូវបានជ្រើសរើសឱ្យដឹកនាំ LDP ហើយនឹងក្លាយជាអ្នកស្នងតំណែង នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា ៕
ប្រែសម្រួល ឈូក បូរ៉ា