ព័ត៌មានអន្តរជាតិ

ភាពជោគជ័យ នៃសេដ្ឋកិច្ចទីផ្សារសង្គម និយមកម្រិតខ្ពស់ និង បទពិសោធន៍ សម្រាប់ពិភពលោក

សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ដែលរហូតដល់បច្ចុប្បន្នមានរយៈពេល ៧៥ ឆ្នាំហើយ ដោយប្រទេសចិន បានប្រែក្លាយ ខ្លួនពីប្រទេស ស្ថិតក្រោមការត្រួតត្រា របស់បរទេស មកក្លាយជាប្រទេស មហាអំណាច ដ៏មានឥទ្ធិពល នៅលើពិភពលោក។

ការរីកចម្រើន របស់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានមើលឃើញថា កើតចេញពីការកែទម្រង់ ពីប្រព័ន្ធសេដ្ឋកិច្ចផែនការ មកកាន់សេដ្ឋកិច្ចទីផ្សារសេរី ដោយលោក តេង ស៊ាវភីវ ជាបិតាកែទម្រង់សេដ្ឋកិច្ច របស់ចិននៅឆ្នាំ១៩៧៨ ។ លោកតេង ស៊ាវភីង បានចាប់ផ្តើមធ្វើកំណែទម្រង់ សេដ្ឋកិច្ចដ៏សំខាន់មួយ នៅក្នុងប្រវត្តិសាស្រ្តចិន គឺការផ្លាស់ប្តូរពីការ អនុវត្តសេដ្ឋកិច្ច តាមបែបកុម្មុយនិស្ត ទៅជាសេដ្ឋកិច្ចបើកចំហតាមបែបទីផ្សារសេរីវិញម្តង ដោយលុបបំបាត់ចោលនូវរបបសមូហភាព និង បង្កើតឱ្យមានរបបកម្មសិទ្ធិឯកជន ឡើងវិញយ៉ាងពេញលេញ ។ កំណែទម្រង់នេះ ត្រូវបានធ្វើឡើងចេញ ពីប្រជាកសិករចិន ឱ្យមានសិទ្ធិពេញលេញ ក្នុងការធ្វើកសិកម្មជាលក្ខណៈឯកជន ហើយលើសពីនេះទៅទៀត ប្រជាជនចិនម្នាក់ៗ មានសិទ្ធិបោះទុន រកស៊ី បង្កើតជាក្រុមហ៊ុន សហគ្រាសជាលក្ខណៈឯកជនសុទ្ធសាធ ដែលជារឿងមិនធ្លាប់មានចាប់ តាំងពីបក្សកុម្មុយនិស្តឡើង កាន់អំណាច កាលពីឆ្នាំ១៩៤៩ ។ វិស័យវិនិយោគនេះ មិនត្រឹមតែបើកចំហ សម្រាប់ ប្រជាជនចិន ជាលក្ខណៈបុគ្គលបែបនេះទេ តែក៏បានបើកចំហយ៉ាង ទូលំទូលាយផងដែរ ទៅដល់វិនិយោគិនបរទេស ហើយដើម្បីទាក់ទាញ វិនិយោគបរទេសនេះ តំបន់សេដ្ឋកិច្ចពិសេសជាច្រើន ត្រូវបានរដ្ឋាភិបាល ក្រុងប៉េកាំង បង្កើតឡើងនៅតាមតំបន់ជាប់នឹងឆ្នេរសមុទ្រ ។ ក្នុងកំឡុងពេល ៤៦ ឆ្នាំចុងក្រោយនេះ បន្ទាប់ពីការចាប់ផ្តើម កែទម្រង់សេដ្ឋកិច្ច សាធារណរដ្ឋប្រជាមានិតចិន បានធ្វើឱ្យពិភពលោក មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ដោយប្រទេសចិន មិនបានប្រឡូកចូល ក្នុងជម្លោះភូមិសាស្រ្តនយោបាយ និង មិនបានបង្កឱ្យមានភាពតានតឹង លើសកលលោក ដូចប្រទេសមហាអំណាចផ្សេងៗទេ ។ សកម្មភាពនេះ ត្រូវបានគេឱ្យឈ្មោះប្រទេសចិនថា ជា «នាគដេក» ។ ក្រោយពីមានកម្មវិធីកែទម្រង់ៗ ជាច្រើនលើកច្រើនសារ សេដ្ឋកិច្ច របស់សាធារណរដ្ឋប្រជាមានិតចិន បានងើបឡើង ជាបណ្តើរៗ រហូតដល់របបក្រោមការដឹក របស់លោកប្រធានរដ្ឋចិន ស៊ី ជិនភីង បានធ្វើឱ្យសាធារណរដ្ឋប្រជាមានិតចិន ក្លាយជាមហាអំណាច សេដ្ឋកិច្ចមួយនៅលើសាកលលោក តាមរយៈការដាក់គំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ ការបើកចំហរកម្រិតខ្ពស់ និង ការកែទម្រង់កម្រិតខ្ពស់ តាមបែបចិន ដែលបានធ្វើឱ្យសាធារណរដ្ឋប្រជាមានិតចិន បានក្លាយខ្លួនជាសេដ្ឋកិច្ចទីផ្សារ សង្គមនិយមកម្រិតខ្ពស់ តែមួយគត់នៅលើសាកលលោក។

តាមរយៈការលើកកម្ពស់វិស័យអប់រំ និង ប្រព័ន្ធអប់រំ របស់សាធារណរដ្ឋចិន បានលើកម្ពស់គុណភាព នៃការបណ្តុះបណ្តាល តាមសាលារៀន និង សកលវិទ្យាល័យទាំងអស់នៅទូទាំងប្រទេស ជាពិសេសវិស័យបច្ចេកទេស និង បច្ចេកវិទ្យាឌីជីថល ដែលឱ្យសាធារណរដ្ឋប្រជាមានិតចិនបង្កើតបាននូវកម្លាំងផលិតភាពថ្មី (New Productive Force)។ ទស្សនទាន នៃទម្រង់ថ្មី នៃកម្លាំងផលិតភាព ត្រូវបានដាក់ក្នុងរបៀបវារៈ នយោបាយ និង ការដឹកនាំថ្មីរបស់ចិន ដោយផ្តោត សំខាន់ លើការអភិវឌ្ឍជាបន្តបន្ទាប់លើវិស័យបច្ចេកវិទ្យា ដើម្បីជំរុញនវានុវត្តន៍ នៃវិស័យឧស្សាហកម្ម និង ព័ត៌មានវៃឆ្លាត ។ ការបង្កើតចលករថ្មី សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ក៏ត្រូវបានដាក់ ក្នុងគោលនយោបាយ កែទម្រង់ស៊ីជម្រៅ កម្រិតខ្ពស់នៅប្រទេសចិន ដែលកើតចេញ ពីកម្លាំងផលិតភាពថ្មី បានជំរុញឱ្យវិស័យឧស្សាហកម្ម និង បច្ចេកវិទ្យាឌីជីថល នៅប្រទេសចិនកាន់តែរឹងមាំ និង មានសំទុះខ្លាំង។ ជាមួយនឹងការពង្រឹងកម្លាំងផលិតភាពថ្មី ការបើកចំហរស៊ីជម្រៅ កម្រិតខ្ពស់ និង ពង្រឹងនិរន្តរភាពដំណើរ ការនៃវិស័យពាណិជ្ជកម្មអន្តរជាតិ និង វិនិយោគបរទេស តាមរយៈការលុបបំបាត់ នូវរបាំងវិនិយោគបរទេស ទាំងអស់ចេញ។

ភាពរុងរឿងរបស់ចិននៅពេលនេះ ត្រូវបានពិភពលោក មើលឃើញថា ជាមេរៀន និង ជាគំរូមួយ សម្រាប់លើកកម្ពស់ ក្នុងការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច និង កំណើនប្រកបដោយបរិយាបន្ន ជាពិសេស ម៉ូឌែលនៃទម្រង់ថ្មីនៃកម្លាំងផលិតភាព ចលករថ្មីក្នុងផលិតកម្ម ។ ការរីកចម្រើនរបស់ចិន ចាត់ទុកថាជាស្នាដៃដ៏ធំមហិមា សម្រាប់ពិភពលោកក្នុងការបង្កើត នូវម៉ូឌែលសេដ្ឋកិច្ចនិងការអភិវឌ្ឍថ្មី ជាសេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់ ដែលមានឧត្តមភាព ប្រកួតប្រជែងខ្ពស់ សម្រាប់ការប្រកួត ប្រជែងជាសាកល ៕

ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថាន សិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

To Top