បរទេស៖ យោធាអ៊ីស្រាអែល បានបន្តវាយប្រហារលើគោលដៅរបស់ក្រុមហេសបូឡាហ៍ក្នុងប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ ហើយបានប្រកាសពីការស្លាប់របស់មន្ត្រីជាន់ខ្ពស់ម្នាក់ទៀតជាមួយក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ ប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ីស្រាអែលបានសម្លាប់មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យបាននិយាយថា ការវាយប្រហារមួយបានសម្លាប់លោក Nabil Kaouk ដែលជាអនុប្រធានក្រុមប្រឹក្សាកណ្តាលរបស់ ក្រុមហេសបូឡា ។ មួយថ្ងៃមុន ក្រុមហេសបូឡាបានបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅក្រុងបេរូតកាលពីថ្ងៃសុក្របានសម្លាប់លោក Nasrallah។
ចំពេលមានការវាយប្រហាររបស់អ៊ីស្រាអែលនេះដែរ ក៏មានប្រជាជនលីបង់រាប់ពាន់នាក់បានបន្តភៀសខ្លួនចេញពីផ្ទះរបស់ពួកគេជាមួយរដ្ឋាភិបាលលីបង់ ដោយនិយាយថា ប្រជាជនលីបង់ប្រហែល ២៥០.០០០ នាក់កំពុងស្ថិតនៅក្នុងជម្រក និងរហូតដល់ ១០០.០០០នាក់កំពុងស្នាក់នៅជាមួយមិត្តភក្តិ ឬសាច់ញាតិ។
អ៊ីស្រាអែលបានស្វាគមន៍យ៉ាងលើសលប់ចំពោះការធ្វើឃាត Nasrallah ដែលបានដឹកនាំការវាយប្រហាររបស់ក្រុមហេសបូឡា មកលើអ៊ីស្រាអែលអស់រយៈពេលជាងបីទសវត្សរ៍មកហើយ។ របាយការណ៍សារព័ត៌មានរបស់អ៊ីស្រាអែលបាននិយាយថា ប្រតិបត្តិការនេះត្រូវបានគ្រោងទុកអស់រយៈពេលជាងមួយទសវត្សរ៍ ហើយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានហៅគាត់ថាជា “ពួកភេរវករកំពូល” ៕
ប្រែសម្រួលៈ ណៃ តុលា