ហ្គោម៉ា៖ យោងតាមរបាយការណ៍របស់អាជ្ញាធរ នៅក្នុងតំបន់ដែលបានដឹងហេតុការណ៍ បានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា កាលពីថ្ងៃព្រហស្បតិ៍ យ៉ាងហោចណាស់មានមនុស្សចំនួន ៨៧នាក់បាត់បង់ជីវិត ក្រោយពីសាឡាងចំនួន ១គ្រឿងបានលិចនៅបឹង Kivu នៅភាគខាងកើតនៃសាធារណរដ្ឋ ប្រជាធិបតេយ្យកុងហ្គោ ហៅកាត់ថា (DRC) ។
សាឡាងដែលបានធ្វើដំណើរ ចាកចេញមកពីទីក្រុង Minova នៅខេត្ត Kivu ខាងត្បូង បានក្រឡាប់លិចនៅជិតកំពង់ផែ Kituku នៅជាយក្រុង ហ្គោម៉ា Goma រដ្ឋធានីនៃខេត្ត North Kivu ។
នៅក្នុងរបាយការណ៍ដែលបាន ផ្ញើទៅកាន់រដ្ឋាភិបាលកណ្តាលនៅទីក្រុង Kinshasa ក៏បានឲ្យដឹងថា មនុស្សចំនួន៧៨នាក់ នៅតែបាត់ខ្លួន ។ សាកសពចំនួន៨៧នាក់ ដែលបានរកឃើញត្រូវបានដឹកទៅកាន់ កន្លែងបញ្ចុះសពនៃមន្ទីរពេទ្យទូទៅក្នុងក្រុង ហ្គោម៉ា ហើយអ្នកនៅរស់រានមានជីវិតចំនួន ៩នាក់ ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។
ចំនួនអ្នកដំណើរលើសាឡាង នៅមិនទាន់ដឹងនៅឡើយទេ ។ ទោះជាយ៉ាងណាក៏ដោយ ប្រភពក្នុងស្រុកបានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា “ផ្ទុកលើសទម្ងន់” នៅលើសាឡាងនោះ ។
បុគ្គលិកនៅកំពង់ផែ Kituku បានឲ្យដឹងថា សាឡាងមិនអាចទ្រំាទ្រនឹង រលកដ៏ខ្លាំងក្លាបានឡើយ នៅមុនពេលវាលិចនៅចម្ងាយប្រហែល ៧០០ម៉ែត្រពីកំពង់ផែ ។
គិតរហូតមកដល់ល្ងាចថ្ងៃព្រហស្បតិ៍ ប្រជាជននៅតែប្រមូលផ្តុំគ្នានៅកំពង់ផែ Kituku ដោយមានក្តីបារម្ភ និងក្តីសង្ឃឹមក្នុងការរកឃើញសាកសព មនុស្សជាទីស្រឡាញ់របស់ពួកគេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា