ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលរបស់កូរ៉េខាងជើង ព្រមានថា នឹងប្រើប្រាស់កម្លាំងវាយលុកទាំងអស់ រួមទាំងអាវុធនុយក្លេអ៊ែរផងដែរ បើសិនជាមានកាប៉ុនប៉ងណាមួយ រំលោភមកលើអធិបតេយ្យភាពរបស់ខ្លួន

AFP

សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ (KCNA) បានរាយការណ៍ឲ្យដឹងនៅថ្ងៃសុក្រនេះថា មេដឹកនាំកំពូលនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ  ដែលគេស្គាល់ថា (កូរ៉េខាងជើង) បានព្រមានថា ប្រទេសរបស់លោកនឹងប្រើប្រាស់ កម្លាំងវាយលុកទាំងអស់ បូករួមទាំងអាវុធនុយក្លេអ៊ែរផងដែរ ប្រសិនបើសត្រូវប៉ុនប៉ងប្រើប្រាស់ កងកម្លាំងប្រដាប់អាវុធរំលោភបំពានមកលើ អធិបតេយ្យភាពរបស់កូរ៉េខាងជើងនោះ ។

លោក គីម ជុងអ៊ុន អគ្គលេខាធិការបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋ របស់ប្រទេសកូរ៉េខាងជើង បានធ្វើការកត់សម្គាល់យ៉ាងដូច្នេះ ខណៈកំពុងត្រួតពិនិត្យមូលដ្ឋានហ្វឹកហ្វឺន នៃអង្គភាពប្រតិបត្តិការពិសេស កាលពីដើមសប្តាហ៍នេះ ។

ទីភ្នាក់ងារ KCNA បានឲ្យដឹងថា លោក គីម បានសង្កត់ធ្ងន់ថា ទាំងវោហាសាស្ត្រ សកម្មភាព កលល្បិច និងការប៉ុនប៉ងគំរាមកំហែង របស់សត្រូវនឹងមិនដកហូតអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើងទេ ហើយប្រទេសនេះ “បានធានានូវភាពរឹងមាំដាច់ខាតដែលមិនអាច ត្រឡប់វិញបានក្នុងនាមជាប្រទេស ដែលមានថាមពលនុយក្លេអ៊ែរ និងប្រព័ន្ធ និងមុខងារសម្រាប់ប្រើប្រាស់វា” ។

មេដឹកនាំកូរ៉េខាងជើង បានលើកឡើងថា “ដើម្បីបួងសួងសុំឱ្យសំណាងល្អ នៃការរស់រានមានជីវិតនៅក្នុងជម្លោះយោធា ជាមួយរដ្ឋអាវុធនុយក្លេអ៊ែរនឹងក្លាយជារឿងល្ងង់”  ហើយ “ប្រសិនបើស្ថានភាពបែបនេះមកដល់ អត្ថិភាពអចិន្ត្រៃយ៍របស់ក្រុងសេអ៊ូល និងកូរ៉េខាងត្បូងនឹងមិនអាចទៅរួចនោះទេ”” ។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារ KCNA បានឲ្យដឹងថា ដោយកត់សម្គាល់ពីភាពចាំបាច់ សម្រាប់កម្លាំងយោធាកូរ៉េខាងជើង ដើម្បីបន្តបណ្តុះកម្លាំងរបស់ខ្លួន លោក គីម បានសង្កត់ធ្ងន់ថា “កម្លាំងនៅក្នុងដៃរបស់យើង គឺជាការធានាតែមួយគត់សម្រាប់រក្សា នៅក្រោមការគ្រប់គ្រងសត្រូវ និងការពារខ្លួនយើង” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top